ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់សហរដ្ឋអាមេរិក Tesla កាលពីពេលថ្មីៗនេះ បានមើលឃើញថាបរិមាណនៃការលក់របស់ខ្លួន នៅក្នុងប្រទេសអាឡឺម៉ង់ បន្តធ្លាក់ចុះអស់រយ:ពេលជាង ៣ត្រីមាសជាប់ៗគ្នា គិតក្នុងខែកុម្ភៈ ទោះបីជាការលក់រថយន្តអគ្គិសនីជារួមរបស់ខ្លួននៅក្នុងប្រទេសនេះបានកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យោងតាមទីភ្នាក់ងារចរាចរណ៍ផ្លូវគោករបស់អាល្លឺម៉ង់ KBAបានបង្ហាញឲ្យដឹងថា កាលពីខែមុន ក្រុមហ៊ុន Tesla បានលក់រថយន្តរបស់ខ្លួនសរុបចំនួន ១ ៤២៩ គ្រឿង ក្នុងប្រទេសអាឡឺម៉ង់ ពោលគឺបានធ្លាក់ចុះដល់ទៅ ៧៦% ឯណោះ និងជាការធ្លាក់ចុះច្រើនបំផុតមិនធ្លាប់មានបើ បើធៀបទៅនឹងការធ្លាក់ចុះ ៦០% នៅក្នុងខែមករា។ សរុបមក ការលក់រថយន្តអគ្គិសនីជារួមរបស់ Tesla បានកើនឡើងជាង ៣០% ដល់ចំនួនសរុប ៣៥ ៩៤៩ គ្រឿង នៅក្នុងប្រទេសអាល្លឺម៉ង់។
គួរឲ្យដឹងទៀតផងដែរថា កាលពីដើមសប្តាហ៍នេះ យោងតាមទិន្នន័យផ្លូវការមួយ ក៏បានបង្ហាញថាក្រុមហ៊ុន Tesla ដែលមានមហាសេដ្ឋី Elon Musk ជានាយកប្រតិបត្តិ និងជាទីប្រឹក្សាដ៏ជំនិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះ ក៏បានទទួលរងនូវការធ្លាក់ចុះនៃការលក់ដ៏ធំ នៅក្នុងបណ្តាប្រទេសស្កង់ឌីណាវី និងបារាំង ក្នុងខែកុម្ភៈផងដែរ បើធៀបនឹងរយ:ពេលដូចគ្នា កាលឆ្នាំមុន។
ជម្រាបជូនថា ការគាំទ្ររបស់លោក Musk ទៅលើបណ្តាគណបក្សស្តាំនិយមនៅអឺរ៉ុប រួមទាំងការគាំទ្រទៅលើបក្សប្រឆាំង AfD របស់ប្រទេសអាឡឺម៉ង់ ដែលបានជាប់ចំណាត់ថ្នាក់ទីពីរ នៅក្នុងការបោះឆ្នោតជាតិកាលពីខែមុន ហាក់ដូចជាបានធ្វើឲ្យមានការប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុន Tesla យ៉ាងខ្លាំង នៅក្នុងតំបន់នេះ ពោលគឺបានធ្លាក់ចុះដល់ទៅ ៤៥% ឯណោះនៅក្នុងខែមករា បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន៕