លោក ដូណាល់ ត្រាំ កំពុងពិចារណាបន្តជំនួយយោធាដល់អ៊ុយក្រែនឡើងវិញ

អន្តរជាតិ

យោងតាមទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Mike Waltz កាលពីពេលថ្មីៗនេះ​បាននិយាយថា ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងពិចារណាលើការស្តារជំនួយយោធាដល់ប្រទេសអ៊ុយក្រែនឡើងវិញ ដែលជាវិធានការថ្មីមួយដើម្បីកសាងទំនុកចិត្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Mike Waltz បាននិយាយនៅក្នុងបទសម្ភាសជាមួយបុស្តិ៍ទូរទស្សន៍ Fox News កាលពីថ្ងៃទី៥ ខែមីនាថា៖ “ខ្ញុំគិតថាប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងពិចារណាម៉ឺងម៉ាត់បំផុតចំពោះការលុបចោលការផ្អាកជំនួយដល់អ៊ុយក្រែន ប្រសិនបើយើងអាចកំណត់ពេលវេលា ការចរចា និងការដាក់វិធានការកសាងទំនុកចិត្តមួយចំនួនឡើងវិញ នៅលើតុចរចានោះ”។

“យើងត្រូវតែដឹងថាភាគីទាំងពីរកំពុងចរចាដោយស្មោះត្រង់ ដើម្បីឆ្ពោះទៅរកសន្តិភាព ដោយផ្នែកហើយបន្ទាប់មកនឹងឆ្ពោះទៅជាអចិន្ត្រៃយ៍។យើងនឹងពិភាក្សាអំពីវិធានការកសាងទំនុកចិត្តជាមួយអ៊ុយក្រែនដំបូង ហើយបន្ទាប់មកយើងនឹងអនុវត្តជាមួយរុស្ស៊ីវិញម្តង និងសាកល្បងតាមវិធីចរចាដូចគ្នាទៅនឹងអ៊ុយក្រែនដែរ”។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Waltz ។

​ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Waltz មិនបានបញ្ជាក់ថាតើវិធានការកសាងទំនុកចិត្តទាំងនេះជាអ្វីនោះទេ ប៉ុន្តែបាននិយាយថា លិខិតរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែរបានផ្ញើទៅកាន់ប្រធានាធិបតី លោក ត្រាំ នៅថ្ងៃមុននោះគឺជា ជំហានដំបូងដ៏ល្អ និងប្រកបដោយភាពវិជ្ជមាន។ លោក​ក៏​បាន​និយាយផង​ដែរ​ថា មន្ត្រី​អាមេរិក​កំពុង​ពិភាក្សា​អំពី​ពេលវេលា ទីកន្លែង និង​ក្រុម​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​អ៊ុយក្រែន។

ជម្រាបជូនផងដែរថា ជុំវិញការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកទៅឲ្យអ៊ុយក្រែន ត្រូវបានធ្វើឡើង បន្ទាប់ពីមានជម្លោះពាក្យសម្តីគ្នាដ៏តានតឹង រវាងប្រធានាធិបតីលោក ត្រាំ និងលោក Zelensky នៅឯសេតវិមាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលនាំឲ្យមានការផ្លាស់ប្តូរគោលនយោបាយ និងជំហររបស់រដ្ឋបាលសហរដ្ឋអាមេរិក ឆ្ពោះទៅរកប្រទេសរុស្ស៊ីក្នុងទិសដៅផ្សះផ្សាបន្ថែមទៀត៕