កម្ពុជា-អាល្លឺម៉ង់ បានសិក្សាអំពីគម្រោងការតភ្ជាប់ជើងហោះហើរត្រង់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញ) ដើម្បីជំរុញកំណើនទេសចរពីទីផ្សារអឺរ៉ុប។

ការសិក្សាពីគម្រោងតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន Marketpilots កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ ភាគីទាំងពីរបានសិក្សាអំពីគម្រោងការតភ្ជាប់ជើងហោះហើរត្រង់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញ) ដោយការតភ្ជាប់ជើងហោះហើរនេះ គឺដើម្បីជំរុញកំណើនទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយាយភាសាអាល្លឺម៉ង់មកកាន់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងជំរុញលើកតម្កើងកិត្តិនាមកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងឈានមុខគេក្នុងតំបន់ និងពិភពលោក។

សូមជម្រាបថា ក្នុងឆ្នាំ២០២៥ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍។ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។
ជាមួយគ្នានេះ កម្ពុជា ក៏រំពឹងទុកផងដែរ នឹងទទួលបានការតភ្ជាប់ជើងហោះហើរពីតំបន់អឺរ៉ុបមកកាន់កម្ពុជាផងដែរ៕