ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីពេលថ្មីៗនេះ បានតែងតាំងអ្នកការទូតជើងចាស់ គឺលោក Alexander Darchiev ឲ្យឡើងធ្វើជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងច្បាប់ថ្មីមួយស្តីពីការតែងតាំងនេះ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាននិយាយថា៖” ខ្ញុំបានដាក់ចេញច្បាប់តែងតាំងលោក Alexander Darchiev ជាឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំនៅសហរដ្ឋអាមេរិក និងជាអ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់រុស្ស៊ីក្នុងអង្គការរដ្ឋអាមេរិកប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ផងដែរ”។
គួរឲ្យដឹងផងដែរថា ប្រទេសរុស្ស៊ី មិនមានឯកអគ្គរដ្ឋទូតប្រចាំនៅសហរដ្ឋអាមេរិកនោះឡើយ ពោលគឺចាប់តាំងពីខែតុលា ឆ្នាំ២០២៤ មក នៅពេលដែលអតីតឯកអគ្គរដ្ឋទូត លោក Anatoly Antonov បានសម្រេចចាកចេញពីមុខតំណែងរបស់ខ្លួន ហើយវិលត្រលប់ទៅកាន់ប្រទេសរុស្ស៊ីវិញ។
យ៉ាងណាមិញ ជុំវិញការផ្លាស់ប្តូរក្នុងការតែងតាំងឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំនៅសហរដ្ឋអាមេរិកនេះ ត្រូវបានកើតឡើង ចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ហាក់បានមើលឃើញការវិវឌ្ឍន៍ជាវិជ្ជមានជាច្រើន។
ជម្រាបជូនថា លោក Alexander Darchiev បច្ចុប្បន្នវ័យ ៦៤ឆ្នាំ គឺជាអ្នកការទូតជើងចាស់ម្នាក់ដែលធ្លាប់បានបម្រើការជាយូរឆ្នាំនៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងវ៉ាស៊ីនតោន និងធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកាណាដា នៅចន្លោឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ ផងដែរ។ បច្ចុប្បន្ន លោកទទួលបន្ទុកក្នុងនាយកដ្ឋានអាត្លង់ទិកខាងជើង ប្រចាំនៅក្រសួងការបរទេសរុស្ស៊ី៕