មហាសេដ្ឋីមានដាច់គេនៅហុងកុង លក់កំពង់ផែនៅព្រែកជីកប៉ាណាម៉ា ទៅឲ្យក្រុមហ៊ុនអាមេរិកគ្រប់គ្រង

អន្តរជាតិ

ក្រុមហ៊ុន CK Hutchison ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីមានដាច់គេនៅហុងកុង លោក Li Ka-shing កាលពីពេលថ្មីៗនេះ បានយល់ព្រមក្នុងការលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួននៅក្នុងកំពង់ផែសំខាន់ៗចំនួន២ លើព្រែកជីកប៉ាណាម៉ា ទៅឲ្យក្រុមហ៊ុនខ្នាតយក្សអាមេរិក Blackrock ជាអ្នកគ្រប់គ្រងជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ថាព្រែកជីកប៉ាណាម៉ានេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិន ហើយថាសហរដ្ឋអាមេរិកទៅវិញទេដែលគួរតែជាអ្នកគ្រប់គ្រងផ្លូវដឹកជញ្ជូនសំខាន់ៗទាំងនេះ។

គួរឲ្យដឹងផងដែរថា តាមរយៈផ្នែកមួយនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ CK Hutchison ធ្វើប្រតិបត្តិការនៅលើច្រកចូលនៃមហាសមុទ្រអាត្លង់ទិច និងច្រកចូលមហាសមុទ្រប៉ាស៊ីហ្វិក មកកាន់ព្រែកជីកនេះ។

យ៉ាងណាមិញ យោងតាមប្រភពដដែលខាងលើនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន CK Hutchison ដែលបង្កើតឡើងដោយមហាសេដ្ឋី Li Ka-shing នឹងលក់ផលប្រយោជន៍របស់ខ្លួនដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ២២,៨ពាន់លានដុល្លារ។

ជម្រាបជូនថា ព្រែកជីកប៉ាណាម៉ា មាប្រវែងសរុប ៨២គីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសអាមេរិកកណ្តាល និងជាផ្លូវតភ្ជាប់ដ៏សំខាន់រវាងមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក។ នាវារហូតដល់ ១៤ ០០០ គ្រឿង ត្រូវបានធ្វើដំណើរឆ្លងកាត់ព្រែកជីកនេះជារៀងរាល់ឆ្នាំ រួមមាននាវាដឹកកុងតឺន័រ នាវាដឹករថយន្ត ឧស្ម័នធម្មជាតិ និងទំនិញផ្សេងទៀត រួមទាំងនាវាយោធា ផងដែរ៕