សមាជិកព្រឹទ្ធសភាកាណាដាម្នាក់ បបួលកូនប្រុសលោក ដូណាល់ ត្រាំ វាយគ្នាមួយស្មើ

អន្តរជាតិ

សមាជិកព្រឹទ្ធសភារបស់ប្រទេសកាណាដា លោក Patrick Brazeau កាលពីពេលថ្មីៗនេះ បានដាក់សំណើទៅកាន់លោក Donald Trump Jr. ដែលត្រូវជាកូនប្រុសរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ សម្រាប់ការប្រកួតប្រដាល់សប្បុរសធម៌មួយ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ពន្ធលើទំនិញនាំចូលរបស់ប្រទេសកាណាដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី៦ ខែមីនាកន្លងទៅ លោក Patrick Brazeau បាននិយាយថា៖” ខ្ញុំឈប់ជក់បារី និងផឹកស្រាអស់រយ:ពេលជិត ៥ឆ្នាំមកហើយ។ ហើយដើម្បីជាការឆ្លើយតបទៅនឹងផែនការពន្ធគយរបស់សហរដ្ឋអាមេរិកដែលលោក ដូណាល់ ត្រាំ បានដាក់លើកាណាដា ខ្ញុំចង់ប្រកួតវាយគ្នាមួយស្មើ ជាមួយលោក Donald Trump Jr. ក្នុងកម្មវិធីសប្បុរសធម៌មួយ ដើម្បីរៃអង្គាសថវិកាសម្រាប់ផ្តល់ជូនទៅកាន់ការស្រាវជ្រាវព្យាបាលជំងឺមហារីក ឬអង្គការណាមួយដែលជាជម្រើសរបស់គាត់”។

ក្នុងសារដដែលនោះ លោក Patrick Brazeau បាននិយាយបន្ថែមទៀតថា ប្រទេសរបស់យើងទាំងពីរមិនចាំបាច់មានភាពតានតឹងជាមួយគ្នាទេ ប៉ុន្តែយើងអាចមានការប្រកួតគ្នា ដើម្បីរៃអង្គាសប្រាក់បាន។

គួរឲ្យដឹងផងដែរថា ដំបូងឡើយ​ លោក Brazeau គ្រោងនឹងដាក់សំណើវាយគ្នាជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance ប៉ុណ្ណោះ ប៉ុន្តែក្រោយមក លោកក៏បានសម្រេចចិត្តជ្រើសរើសយកកូនប្រុសរបស់លោក ត្រាំ សម្រាប់ការប្រកួតនេះជំនួសវិញ។

ជម្រាបជូនផងដែរថា ការប្រកាសចង់វាយគ្នាជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក របស់លោក Brazeau នេះ ត្រូវបានកើតឡើងចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងកាណាដា និងសហរដ្ឋអាមេរិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ពន្ធចំនួន ២៥% លើការនាំចូលរបស់ប្រទេសកាណាដាទាំងអស់ នៅថ្ងៃទី៤ ខែកុម្ភៈ ប៉ុន្តែត្រឹមតែពីរថ្ងៃក្រោយមក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានសម្រេចចិត្តពន្យារពេលយកពន្ធគយលើផលិតផលកាណាដាជាច្រើន ក្នុងរយ:ពេលជិតមួយខែវិញ ដើម្បីស្វែងរកដំណោះស្រាយបន្ថែម៕