គិតត្រឹមឆ្នាំ២០២៥នេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ក្រោមដឹកនាំរបស់អ្នកឧញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ មានសមាភាពស្រ្តីប្រមាណជិត ៦០% ឬស្មើនឹងចំនួនសរុប ៣៧៩នាក់ ដែលកំពុងកាន់តួនាទី ជាអ្នកគ្រប់គ្រងក្នុងការដឹកនាំប្រព័ន្ធការងារក្នុងក្រុមហ៊ុន។

អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា៖ “ការលើកកម្ពស់សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី គឺជាផែនការយុទ្ធសាស្ត្ររបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដែលបានចូលរួមក្នុងរយៈពេលប្រមាណជាង ២ទសវត្សន៍ នៅកម្ពុជា ហើយសម្រាប់ខ្ញុំ សិទ្ធិនារីមិនមែនមានត្រឹមតែថ្ងៃ ៨មីនា នោះទេ គឺមានរៀងរាល់ថ្ងៃតែម្តង!” ។
ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នេះដែរ អ្នកឧកញ៉ា ស្ថាបនិកក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន អាជីវកម្ម សហគ្រាសទាំងអស់ សូមបន្តគាំទ្រ លើកកម្ពស់សិទ្ធិ ស្ត្រីគ្រប់រូបក្នុងវិស័យការងារ។
សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសថៃ វៀតណាម និងប្រទេសឡាវ។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea។
ជាពិសេស ថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ ក៏ទើបតែប្រកាសពីសេវាកម្មថ្មីមួយបន្ថែមទៀត គឺការបើកដំណើរស្ថានីយ៍សាកឡានអគ្គីសនីយ វីរ:ប៊ុនថាំ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ក្រុងនានា ទូទាំងប្រទេសកម្ពុជាថែមទៀតផង៕




