ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ដំឡើងធ្នឹមបណ្តោយទាំង៩ប្រឡោះរួចរាល់ហើយ ខណៈស្ពាននេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។

ក្រសួងសាធារណការ បានឱ្យដឹងថា ធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ(មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។
ក្រសួងបន្តថា ស្ពាននេះមានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា ដំឡើងធ្នឹមកាត់ទទឹង ចាក់បេតុង ចាក់កម្រាល និងចាក់AC(Asphalt concrete)។

សូមជម្រាបជូនថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ មានកម្ពស់៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដាចិនហាយវេកម្រិត៣ ដែលមានបន្ទុកចំនួន៥៥តោន ហើយគ្រោងចំណាយថវិកាអស់ ២២,៩២លានដុល្លារអាមេរិក។ស្ពាននេះ នឹងត្រូវដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សាកល្បង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ និងគ្រោងបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែឧសភា ឆ្នាំ២០២៥៕


