សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតទារកដ្ឋានសម្រាប់កូនៗកម្មករនៅតាមរោងចក្រ គឺជាការលើកកម្ពស់មូលធនមនុស្សកម្ពុជាចាប់ពីតូចទៅ។

នាឱកាសនោះ សម្តេចបន្តថា គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុងចំណោម១០ ដែលរាជរដ្ឋាភិបាលបានដាក់ចុះតាំងពីដើមអាណត្តិ តាមរយៈក្រសួងការងារដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាននេះសម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ ៣ឆ្នាំ ដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន។
សម្តេចបន្តថា ការបង្កើតទារកដ្ឋាននេះ គឺដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង បន្ថែមពីនេះ ទារកដ្ឋាននេះ ត្រូវបានរៀបចំបង្កើតឡើងសម្រាប់ជាកន្លែងដែលផ្តល់សេវាថែទាំកុមារតូចៗ ជាកូនរបស់បងប្អូនកម្មករនិយោជិតជាស្ត្រីនៅ រោងចក្រ ម៉ាវ៉ល ប្រកបដោយសុវត្ថិភាព និងធំធាត់ឡើង ដោយមានសុខភាពល្អ។

សូមបញ្ជាក់ដែរថា ក្រៅពីបង្កើតទារកដ្ឋាននៅតាមរោងចក្រ សម្តេចបញ្ជាក់ដែរថា គោលនយោបាយរបស់រដ្ឋាភិបាល ក៏បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក និងត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ឧបត្ថម្ភថវិកា ៨០ម៉ឺន កូនភ្លោះ២ ឧបត្ថម្ភ១,២លានរៀល កូនភ្លោះ៣ ឧបត្ថម្ភ ១,៦លានរៀល និងកូនភ្លោះ៣ទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀតផង៕ អត្ថបទ៖ ហ្សាលីន




