ចិន ប្រកាសសងសឹកកាណាដាវិញ ជាមួយនឹងការដាក់ចេញពន្ធលើផលិតផលកសិកម្មថ្មីៗ

អន្តរជាតិ

ប្រទេសចិន កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ពន្ធលើផលិតផលកសិកម្ម និងស្បៀងអាហាររបស់ប្រទេសកាណាដាដែលមានតម្លៃសរុបប្រមាណ ២,៦ពាន់លានដុល្លារ ដើម្បីជាការសងសឹកទៅវិញ បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Ottawa បានដាក់ចេញពន្ធគយទៅលើការនាំចូលរថយន្តអគ្គិសនី ផលិតផលដែក និងអាលុយមីញ៉ូមចិន កាលពីជាង ៤ខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញផែនការពន្ធគយថ្មីដែលត្រូវបានប្រកាសចេញដោយក្រសួងពាណិជ្ជកម្មចិននេះ ត្រូវបានគេរំពឹងទុកថានឹងចូលជាធរមាននៅថ្ងៃទី២០ ខែមីនាខាងមុខ ជាមួយនឹងការយកពន្ធនាំចូល ១០០% និង ២៥% ទៅលើផលិតផលកសិកម្ម និងស្បៀងអាហារសំខាន់ៗរបស់កាណាដាមួយចំនួន។

ទន្ទឹមនឹងនេះ យោងតាមក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”វិធានការពន្ធគយរបស់កាណាដាបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលបង្កើតបានជាសកម្មភាពការពារនិយម និងជាវិធានការរើសអើងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន” ។

គួរឲ្យដឹងផងដែរថា ជុំវិញវិធានការពន្ធគយថ្មីនេះ ប្រទេសចិននឹងអនុវត្តការយកពន្ធ ១០០% ការទំនិញនាំចូលដែលមានតម្លៃប្រមាណ ១ពាន់លានដុល្លារ នៃប្រេង rapeseed កាណាដា នំប្រេង និងសណ្តែក ខណ:ពេលដែលពន្ធ ២៥% នឹងដាក់លើផលិតផលទឹក និងសាច់ជ្រូករបស់កាណាដាដែលមានតម្លៃសរុបប្រមាណ ១,៦ពាន់លានដុល្លារ។

ជុំវិញការប្រកាសពីវិធានការពន្ធគយថ្មីរបស់ចិននេះ ខាងស្ថានទូតកាណាដាប្រចាំនៅទីក្រុងប៉េកាំង ហាក់មិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើឲ្យសុំការអត្ថាធិប្បាយពីសំណាក់សារព័ត៌មាន Reuters នៅឡើយនោះទេ។

ជម្រាបជូនផងដែរថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយកាលពីខែសីហាថា រដ្ឋាភិបាលទីក្រុង Ottawa កំពុងដាក់ពន្ធដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថា គោលនយោបាយដឹកនាំដោយរដ្ឋដោយចេតនារបស់ចិន លើអ្វីដែលត្រូវបានគេហៅថាការអនុវត្តលើសសមត្ថភាព បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានអនុវត្តការយកពន្ធលើរថយន្ត EV ដែលផលិតនៅប្រទេសចិន ផងដែរ៕