មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Elon Musk បានបង្ហាញការសន្យាថាយ៉ាងច្បាស់ថាលោក នឹងបន្តរក្សាបណ្តាញផ្កាយរណប Starlink សម្រាប់ប្រទេសអ៊ុយក្រែនរយ:ពេលវែងទៅមុខទៀត ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន SpaceX រូបនេះ បានព្រមានពីផលវិបាក ប្រសិនបើប្រទេសនេះត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធ Starlinkនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។
មហាសេដ្ឋីអាមេរិក លោក Elon Musk បានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួន កាលពីថ្ងៃទី៩ ខែមីនាកន្លងទៅថា ៖” Starlink នឹងមិនបិទស្ថានីរបស់ខ្លួននោះឡើយ បើទោះបីជាខ្ញុំមិនយល់ស្របទៅនឹងគោលនយោបាយរបស់អ៊ុយក្រែនប៉ុណ្ណាក៏ដោយ”។
យ៉ាងណាមិញ ជុំវិញការលើកឡើងបែបនេះ ត្រូវបានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Musk បានអះអាងនៅក្នុងការបង្ហោះសារមុនថា ទ័ពជួរមុខរបស់អ៊ុយក្រែនអាចនឹងដួលរលំ ប្រសិនបើ Starlink ត្រូវបានកាត់ផ្តាច់នៅក្នុងប្រទេសនេះនោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Musk បានសង្កត់ធ្ងន់ទៀតថា ៖”យើងនឹងមិនធ្វើរឿងបែបនេះ ដើម្បីប្រើជាមធ្យោបាយជំរុញឲ្យមានការចរចាសន្តិភាពណាមួយនោះឡើយ”។
គួរឲ្យដឹងផងដែរថា ការលើកឡើងរបស់លោក Elon Musk ត្រូវបានធ្វើឡើង បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាតាមប្រព័ន្ធអ៊ីនធឺណិតជាមួយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski រហូតឈានទៅដល់ការទាញរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ឲ្យចូលរួមនៅក្នុងការទាស់ទែងពាក្យសម្តីគ្នានេះ ផងដែរ។
ដំបូងឡើយ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Sikorski បានព្រមានថា ក្រសួងឌីជីថលរបស់ប្រទេសខ្លួន អាចនឹងចំណាយទឹកប្រាក់ប្រហែល ៥០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីរក្សាសេវាកម្ម Starlink ដែលផ្តល់ឱ្យអ៊ុយក្រែន។ ក្រៅពីបញ្ហាសីលធម៌នៃការគំរាមកំហែងជនរងគ្រោះនៃជម្លោះ យើងអាចនឹងត្រូវស្វែងរកអ្នកផ្តល់សេវាផ្សេងទៀត ប្រសិនបើ SpaceX បង្ហាញថាពួកគេជាអ្នកផ្តល់សេវាកម្មដែលមិនគួរឲ្យទុកចិត្តទេនោះ”។
យ៉ាងណាក្រោយការព្រមាននេះ ទាំងមហាសេដ្ឋី Elon Musk និងរដ្ឋមន្ត្រីការបរទេសអាមេរិក បានរិះគន់ចំៗទៅកាន់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ ដោយថាជាអ្នកបង្កើតរឿង។ ហើយជាមួយគ្នានេះ លោក Marco Rubio ថែមទាំងបានសរសេរថា៖ “គ្មាននរណាម្នាក់បានធ្វើការគំរាមកំហែងណាមួយដើម្បីកាត់ផ្តាច់ការចូលទៅប្រើប្រាស់របស់អ៊ុយក្រែន នៅក្នុង Starlink ទេ។ បើគ្មានឧបករណ៍នេះទេ អ៊ុយក្រែននឹងបរាជ័យក្នុងសង្រ្គាមជាយូរមកហើយ ហើយកងកម្លាំងរុស្ស៊ី អាចនឹងស្ថិតនៅតាមបណ្តោយព្រំដែនរបស់ប៉ូឡូញផងមិនដឹង នៅពេលនេះ”៕