យោងតាមចំណាត់ថ្នាក់មហាសេដ្ឋីតាមពេលវេលាជាក់ស្តែងរបស់ទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកស្រី Alice Walton ដែលត្រូវជាកូនស្ត្រីរបស់ស្ថាបនិកក្រុមហ៊ុនលក់រាយខ្នាតយក្ស Walmart និងលោកស្រី Francoise Bettencourts Meyers ដែលជាចៅស្រីរបស់ស្ថាបនិកក្រុមហ៊ុនគ្រឿងសម្អាង L’Oreal គឺស្ថិតក្នុងចំណោមស្ត្រីដែលមានបំផុតដាច់គេបំផុតទាំង៥ របស់ពិភពលោក នៅក្នុងឆ្នាំ២០២៥ នេះ។
១. Alice Walton (កាន់កាប់ទ្រព្យសម្បត្តិ ១០១,២ពាន់លានដុល្លារ)
លោក Alice Walton គឺជាកូនស្រីតែមួយគត់របស់ស្ថាបនិកក្រុមហ៊ុន Walmart គឺលោក Sam Walton។ បច្ចុប្បន្នលោកស្រី Alice ហាក់បានងាកមកផ្តោតលើការងារសិល្បៈ ជាជាងបម្រើក្រុមប្រឹក្សាភិបាលរបស់ Walmart ដូចទៅនឹងបងប្អូនបង្កើតរបស់លោកស្រីផ្សេងទៀត។ លោកស្រី Alice បានបើកសារមន្ទីរសិល្បៈអាមេរិកមួយឈ្មោះថា Crystal Bridges នៅរដ្ឋ Arkansas ក្នុងឆ្នាំ២០១១ ដោយបានដាក់តាំងបង្ហាញស្នាដៃពីសិល្បករល្បីៗឈ្មោះដូចជា Norman Rockwell និង Andy Warhol ជាដើម។
២. Francoise Bettencourt Meyers (កាន់កាប់ទ្រព្យសម្បត្តិ ៨១,២ពាន់លានដុល្លារ)
លោកស្រី Françoise Bettencourt Meyers គឺជាចៅស្រីបង្កើតរបស់ស្ថាបនិកក្រុមហ៊ុន L’Oréal លោក Eugène Schueller។ លោកស្រី Meyers វ័យ ៧១ឆ្នាំ ធ្លាប់បានបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ L’Oréal តាំងពីឆ្នាំ១៩៩៧ និងធ្វើជាប្រធានក្រុមហ៊ុនកាន់កាប់ដោយគ្រួសាររបស់លោកស្រី ដែលជាប្រេនម្ចាស់ម៉ាកល្បីៗ ដូចជា Maybelline និង Yves Saint Laurent ផងដែរ។ ក្រៅពីអាជីវកម្មទាំងនេះ លោកស្រី Meyers ក៏ជាអ្នកប្រាជ្ញដែលមានចំណង់ចំណូលចិត្តខាងសាសនា និងតន្ត្រី ផងដែរ។
៣. Julia Koch (កាន់កាប់ទ្រព្យសម្បត្តិ ៧៤,២ពាន់លានដុល្លារ)
លោកស្រី Julia Kochបច្ចុប្បន្នវ័យ ៦២ឆ្នាំ គឺជាអ្នកទទួលបានមរតកជាភាគហ៊ុនសរុប ៤២% នៅក្នុងក្រុមហ៊ុន Koch Industries ពីប្តីចុងរបស់នាង គឺលោក David Koch ដែលបានទទួលមរណភាពក្នុងឆ្នាំ២០១៩។ មុនពេលទទួលបានមុខជំនួញធំនេះ ពីមុនអ្នកនាង Julia Koch ធ្លាប់បានធ្វើការនៅក្នុងឧស្សាហកម្មម៉ូដ និងបានបម្រើការជូនអតិថិជនដែលមានកេរ្តិ៍ឈ្មោះល្បីៗច្រើន រួមទាំងអតីតជំទាវទីមួយរបស់អាមេរិក លោក Nancy Reagan ផងដែរ។
៤.Jacqueline Mars (កាន់កាប់ទ្រព្យសម្បត្តិ ៤៤,២ពាន់លានដុល្លារ)
លោកស្រី Jacqueline Mars កាន់កាប់ភាគហ៊ុនមួយភាគបីនៅក្នុងក្រុមហ៊ុន Mars Inc. ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់ អាហារ និងគ្រឿងថែទាំសត្វចិញ្ចឹមទូទាំងពិភពលោកដែលបង្កើតឡើងដោយជីតារបស់នាង។ Mars បានចូលរួមយ៉ាងសកម្មនៅក្នុងអាជីវកម្មគ្រួសារអស់រយៈពេលប្រហែល ២ទសវត្សមកហើយ ខណ:លោកស្រី ក៏ធ្លាប់បានបម្រើការនៅលើក្រុមប្រឹក្សាភិបាលក្រុមនេះ រហូតដល់ឆ្នាំ២០១៦ ផងដែរ។
៥.Rafaela Aponte-Diamant (កាន់កាប់ទ្រព្យសម្បត្តិ ៣៨,៩ពាន់លានដុល្លារ)
លោកស្រី Rafaela Aponte-Diamantវ័យ ៧៩ឆ្នាំ គឺជាសហម្ចាស់ក្រុមហ៊ុន MSC ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ពិភពលោក ជាមួយនឹងស្វាមី គឺលោក Gianluigi Aponte ។ លោកស្រី Rafaela មានជំនាញខ្ពស់ផ្នែករចនាផ្ទៃខាងក្នុងសម្រាប់នាវាទេសចរណ៍របស់ក្រុមហ៊ុន MSC ផ្ទាល់ និងបានបម្រើការនៅលើក្រុមប្រឹក្សាភិបាលនៃមូលនិធិ MSC ផងដែរ៕