ក្នុងខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន២៣គម្រោង។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើន ឡើងចំនួន៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។ ចំនួនគម្រោង វិនិយោគមានការកើនឡើងរហូតដល់ទៅ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
សូមបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះដែរ ទុនវិនិយោគច្រើនជាងគេមកពីប្រទេសចិន ប្រមាណ ៨៦,៧៥% សិង្ហបុរី ១១,៩៧% អូស្រ្តាលី ០,៨០% អង់គ្លេស ០,៤៨%។ ក្នុងនោះ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មច្រើនជាងគេ មាន២៨៨លានដុល្លារ ខណៈហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មាន៣៣លានដុល្លារ៕


