ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ការរៀបចំអង្គរសង្ក្រាន្ត»គឺដើម្បីជំរុញជីវភាពពលរដ្ឋខេត្តសៀមរាប និងទាញកំណើនទេសចរ តាមរយៈការប្រើប្រាស់សេវាកម្មដឹកជញ្ជូន ម្ហូបអាហារ និងការស្នាក់នៅជាដើម។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃវិទ្យាស្ថានវ៉ាន់ដានាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី បានបញ្ចាក់ថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺដើម្បីទាក់ទាញទេសចរ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាបផ្ទាល់ ផ្ទុយពីការលើកឡើងពីការឆ្ងាយខុសការពិតថា ការរៀបចំព្រឹត្តិការណ៍នេះ ខាតលុយ និងបំរើផលប្រយោជន៍សម្រាប់គ្រួសារត្រកូលហ៊ុន “។
សម្ដេចធិបតី បានបន្តទៀតថា ការរៀបចំអង្គរសង្ក្រាន្តនៅសៀមរាប គឺដើម្បីទាក់ទាញទេសចរ ផ្ទុយពីការលើកឡើងរបស់វិទ្យុបរទេស ដែលតែងតែបំផុសបំផុលឱ្យពលរដ្ឋភាន់ច្រឡំ លើការរៀបចំព្រឹត្តិការណ៍នេះនាពេលកន្លងមក។
បន្ថែមពីនេះ សម្តេចធិបតីថា៖«ទៅសួរអ្នកអ្នកខេត្តសៀមរាបផ្ទាល់ទៅ ជាពិសេសពឹងផ្អែកលើវិស័យទេសចរណ៍ គឺគាំទ្រសម្រាប់ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ។ សម្តេចធិបតី បានបញ្ជាក់ថា ឥឡូវលឺថា កន្លែងស្នាក់ សណ្ឋាគារ គឺមានភ្ញៀវកក់ពេញៗហើយ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍នេះ»។
យ៉ាងណាមិញ តាមរយៈពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នេះដែរ ប្រមុខរាជរដ្ឋាភិបាល ក៏បានអះអាងដែរថា កម្ពុជាកំពុងរៀបចំដាក់ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ ហើយការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ក៏ជាផ្នែកមួយនៃការជំរុញលើកិច្ចការងារនេះដែរ៕ អត្ថបទ៖ ហ្សាលីន