យោងតាមទិន្នន័យមួយដែលត្រូវបានចេញផ្សាយដោយធនាគារប្រជជាតិចិន (PBOC) កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ទីភ្នាក់ងារបានបន្តបង្កើនការទិញមាសសម្រាប់រយ:ពេល ៤ខែជាប់ៗគ្នា បើទោះបីជាតម្លៃមាសកំពុងបន្តកើនឡើងខ្ពស់ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
គិតត្រឹមចុងខែកុម្ភ:ទុនបម្រុងមាសរបស់ប្រទេសចិន មានចំនួនសរុប ៧៣,៦១ លានត្រយអោន (២ ២៨៩ តោន) កើនឡើងពី ៧៣,៤៥ លានត្រយអោន (២ ២៨៤ តោន) នៅចុងខែមករាកន្លងទៅ។ យ៉ាងណាមិញសម្រាប់តម្លៃមាសស្តុកទុកនេះ ក៏បានកើនឡើងពី ២០៦,៥ពាន់លានដុល្លារ ដល់ ២០៨,៦ពាន់លានដុល្លារ ផងដែរ។
ទន្ទឹមនឹងនេះ បើតាមលោក Frank Watson អ្នកវិភាគទីផ្សារមាសបានមានប្រសាសន៍ថា ៖”សកម្មភាពរបស់ PBOC ក្នុងការបង្កើនការទិញមាសទុកជាទុនបម្រុងរបស់ខ្លួននេះ គឺជាកត្តាដ៏សំខាន់មួយដែលគាំទ្រដល់ទីផ្សារមាស។ ហើយការបន្តទិញរបស់ពួកគេកាលពីខែកុម្ភៈ អាចជួយឲ្យតម្លៃឡើងកាន់តែថ្លៃ” ។
ថ្មីៗនេះ តម្លៃមាសពិភពលោកបានហាក់ឡើងដល់កម្រិតកំណត់ត្រាថ្មីៗជាបន្តបន្ទាប់ ដោយសារអស្ថិរភាព និងការព្រួយបារម្ភអំពីផលប៉ះពាល់នៃពន្ធនាំចូលរបស់សហរដ្ឋអាមេរិក។ ចាប់តាំងពីដើមឆ្នាំនេះតម្លៃមាសបានកើនឡើង ១០% នៅចំណុចខ្ពស់បំផុតមួយដែលឈានដល់ ២ ៩៥៦ដុល្លារក្នុងមួយអោន។ កាលពីឆ្នាំមុនតម្លៃបានកើនឡើង ២៧% ពោលគឺជាការកើនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយ។
ជម្រាបជូនថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធ ២០% បន្ថែមទៀតលើការនាំចេញរបស់ចិនទាំងអស់រួចហើយ ខណ:រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានប្រកាសពីផែនការពន្ធគយសឹកសឹងវិញផងដែរ។ នៅក្នុងសម័យប្រជុំបើកសន្និបាតប្រជាជនជាតិកាលពីដើមឆ្នាំនេះ មន្ត្រីចិនបាននិយាយថាពួកគេនឹងបង្កើនការគាំទ្រសម្រាប់ការប្រើប្រាស់ និងកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ជាមួយនឹងការពន្លឿនការស្តុកទុកទំនិញយុទ្ធសាស្ត្រ រួមទាំងមាស ផងដែរ។
ទន្ទឹមនឹងនេះ យោងតាមក្រុមប្រឹក្សាមាសពិភពលោក (WGC) បានបង្ហាញឲ្យដឹងថា ធនាគារកណ្តាលចិន បានទិញមាសសរុបជាង ១ ០០០ តោនក្នុងមួយឆ្នាំៗ អស់រយៈពេល ៣ឆ្នាំកន្លងមកហើយ ស្របពេលមានការរំពឹងខ្ពស់ថាពួកគេនឹងបន្តទិញកាន់តែច្រើនបន្ថែមទៀត ក្នុងឆ្នាំនេះ៕