ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Toyota កាលពីពេលថ្មីៗនេះ ទើបតែបានបញ្ចេញរថយន្តអគ្គិសនីប្រភេទ SUV តម្លៃទាបបំផុតមួយមិនធ្លាប់មានរបស់ខ្លួន គឺម៉ូដែល bZ3X ដែលត្រូវបានដាក់បង្ហាញ និងដាក់លក់នៅក្នុងប្រទេសចិន កាលពីចុងសប្តាហ៍មុន ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានការបញ្ជាទិញដល់ទៅ ១ម៉ឺនគ្រឿងភ្លាមៗ ក្នុងរយ:ពេលត្រឹមតែ ១ម៉ោងដំបូងប៉ុណ្ណោះ។
bZ3X ដែលត្រូវបានគេស្គាល់នៅទីផ្សារក្នុងស្រុកថា Bozhi 3X ត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយក្រុមហ៊ុន GAC Toyota ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Toyota និងក្រុមហ៊ុនក្នុងស្រុក GAC Group ។
គួរឲ្យដឹងថា បើទោះបីជាការរចនាផ្នែកខាងក្រៅដែលធ្វើឲ្យវាមើលទៅដូចជាធំជាងម៉ូដែល SUV ផ្សេងៗទៀតក៏ដោយ ប៉ុន្តែ bZ3X ជំនាន់ថ្មីនេះ មានទំហំតូចជាងបើធៀបទៅនឹងរថយន្ត Toyota bZ4X បន្តិច ដែលកំពុងមានលក់ផ្តាច់មុខនៅក្នុងប្រទេសចិន។ សម្រាប់ម៉ូដែល SUV bZ3X នេះផងដែរ បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា LiDAR ពោលគឺស្រដៀងទៅនឹងអ្វីដែលយើងបានឃើញជាមួយនឹងបច្ចេកវិទ្យាបើកបរដោយខ្លួនឯងពេញលេញរបស់ក្រុមហ៊ុន Tesla ដូច្នោះដែរ។
យ៉ាងណាមិញ ចំពោះតម្លៃរបស់រថយន្ត SUV bZ3X ស៊េរីឆ្នាំ២០២៥ នេះ ត្រូវបានដាក់លក់ជាមួយនឹងតម្លៃប្រមាណជាង ១ ៥០០០ដុល្លារប៉ុណ្ណោះ សម្រាប់ប្រភេទគ្មានបច្ចេកវិទ្យាបង្កើនសមត្ថភាពបើកបរដោយស្វ័យប្រវត្តិ LIDAR និងតម្លៃប្រមាណជាង ២០ ៧០០ដុល្លារ សម្រាប់ប្រភេទបំពាក់មកជាមួយបច្ចេកវិទ្យា LIDAR។
ជាមួយលក្ខណ:ពិសេសផ្សេងទៀត bZ3Xក៏បានភ្ជាប់មកជាមួយនឹងអេក្រង់ថាច់ស្ក្រីនកណ្តាលផ្តេកធំតែមួយ នៅក្នុងកាប៊ីនដែលមានទំហំដល់ទៅ ១៤.៦-inch និងត្រូវបានបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 8155 ដែលផ្តល់ល្បឿនលឿនដើម្បីដំណើរការកម្មវិធីផ្សេងៗ។
ចំពោះកម្លាំង Toyota ក៏បានផ្តល់ជូននូវម៉ូដែល bZ3X ដែលភ្ជាប់មកជាមួយនឹងប្រើប្រាស់ថ្មធំជាង ៥៨,៣៧ kWh និងអាចរត់បានចម្ងាយឆ្ងាយបំផុត ៥២០គីឡូម៉ែត្រ ។ ហើយមិនតែប៉ុណ្ណោះ ក្រុមហ៊ុន Toyota ក៏បានផ្តល់ជូននូវជម្រើសម៉ូដែល bZ3X ពិសេសមួយផ្សេងទៀត ដែលបំពាក់មកជាមួយកម្លាំងថ្មធំជាង ៦៧,៩២ kWh ហើយអាចរត់បានចម្ងាយឆ្ងាយបំផុតដល់ ៦១០គីឡូម៉ែត្រ ក្រោយពេលសាកពេញម្តង ជាមួយម៉ូទ័រអេឡិចត្រិចដែលមានកម្លាំង ១៦៧ KW (២២៤ hp) ថែមទៀតផង។
ជម្រាបជូនផងដែរថា ដោយបង្ហាញពីតម្រូវការដ៏ធំសម្រាប់រថយន្តអគ្គិសនីដែលមានតម្លៃសមរម្យនៅក្នុងប្រទេសចិន ក្រុមហ៊ុន GAC Toyota បានប្រកាសភ្លាមៗ បន្ទាប់ពីព្រឹត្តិការណ៍សម្ពោធនេះថា ខ្លួនបានទទួលការបញ្ជាទិញរថយន្តម៉ូដែល bZ3X ដល់ទៅ ១ម៉ឺនគ្រឿង ឯណោះ ក្នុងរយៈពេលត្រឹមតែមួយម៉ោងដំបូង រហូតធ្វើអោយគេហទំព័រផ្លូវការរបស់ខ្លួនគាំងថែមទៀតផង៕