ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន១១២ ក្នុងទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារ។ នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។
នៅក្នុងរយៈពេល២ខែ ឆ្នាំនេះ ចំនួនគម្រោងវិនិយោគមានការកើនឡើងរហូតដល់ទៅ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ដោយឡែកបើគិតត្រឹមតែក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ការអនុម័តគម្រោងមានចំនួន ៤៤ ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង ដែលកើនឡើង៧គម្រោងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្នុងនោះផងដែរ ទុនវិនិយោគមកពីប្រទេសចិន ប្រមាណ ៨៦,៧៥% សិង្ហបុរី ១១,៩៧% អូស្រ្តាលី ០,៨០% អង់គ្លេស ០,៤៨% ដោយទុនវិនិយោគក្នុងវិស័យឧស្សាហកម្មច្រើនជាងគេ មាន២៨៨លានដុល្លារ ខណៈហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មាន៣៣លានដុល្លារ។

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា តួលេខកំណើគម្រោងវិនិយោគនៅកម្ពុជា ជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយចាត់ថាជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច៕