ក្រុមហ៊ុនផ្គត់ផ្គង់របស់ SpaceX គ្រោងចាក់លុយ ៣០លានដុល្លារបន្ថែម វិនិយោគនៅវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន Wistron NeWeb Corporation ដែលមានមូលដ្ឋាននៅទីក្រុងតៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋី Elon Musk កាលពីពេលថ្មីៗនេះ បានប្រកាសវិនិយោគទឹកប្រាក់ចំនួន ៣០លានដុល្លារបន្ថែមទៀត តាមរយ:ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា ក្រុមហ៊ុន Wistron NeWeb វៀតណាមនេះ ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០២០ ជាមួយនឹងការបោះទុនវិនិយោគដំបូងក្នុងចំនួនទឹកប្រាក់ប្រមាណ ៦០លានដុល្លារ និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅក្នុងខែសីហា ឆ្នាំ២០២១ ហើយគិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិកសរុបប្រមាណ ២ ០០០ នាក់។

យ៉ាងណាមិញ តាមរយ:ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ ពួកគេផលិតផ្កាយរណបទាក់ទង និងឧបករណ៍ចល័តរបស់ SpaceX នៅក្នុងរោងចក្រមួយ ដែលមានទីតាំងស្ថិតនៅខេត្ត Ha Nam និងគ្របដណ្តប់លើផ្ទៃដីសរុប ១១,៣ ហិកតា។

ជម្រាបជូនផងដែរថា នៅដំណាក់កាលដំបូងរោងចក្ររបស់ក្រុមហ៊ុន Wistron NeWeb នេះ អាចផលិតបាន ២០ លានគ្រឿងនៃឧបករណ៍ឆ្លាតវៃក្នុងផ្ទះ ឧបករណ៍ឥតខ្សែ និងផលិតផលផ្សេងទៀត។ ហើយសម្រាប់ ដំណាក់កាលទី២ ក្រុមហ៊ុនមានមានគោលបំណងបង្កើនសមត្ថភាពផលិតរបស់ខ្លួនឲ្យបានទ្វេដង ពីដំណាក់កាលពីមួយ។ រាល់សម្ភារៈដើមសម្រាប់គម្រោងនេះមានប្រភពមកពីប្រទេសចិន៕