២ខែ ឆ្នាំ២០២៥៖ កម្ពុជា រកចំណូលបាន ១០៦ លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារ ៥១ ប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

ការនាំចេញក្នុងរយៈពេល ២ខែ ពោលគឺខែមករា-ខែកុម្ភៈ នៃឆ្នាំ​២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន១៣៥ ០៧៤ តោន គិតជាទឹកប្រាក់​បានចំនួន ១០៦លានដុល្លារសហរដ្ឋអាមេរិក។នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងបន្ថែមថា ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៣៥ ០៧៤តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១។

ទីផ្សារគោលដៅទាំង ៥១ នេះ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៥ ​បានបរិមាណអង្ករចំនួន ៧៣ ០៤៨ តោន គិតជាទឹកប្រាក់ចំនួន ៥៨.៥៣​ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៦ ៥០០ តោន គិតជាទឹកប្រាក់ចំនួន ១០.៤៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៤ប្រទេសបានបរិមាណចំនួន  ២៣ ២៩៧ តោន​ គិតជាទឹកប្រាក់ចំនួន ១៦.៦៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២០ ប្រទេសផ្សេងទៀតមាន             អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន ។ល។ បានចំនួន   ២២ ២២៩ តោន គិតជាទឹកប្រាក់ចំនួន  ១៩.៨៧ លានដុល្លារសហរដ្ឋអាមេរិក។

សូមជម្រាបថា ត្រឹមរយៈពេល ២ ខែ នៃឆ្នាំ២០២៥ នេះដែរ ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨៦.០៣% ប្រភេទអង្ករស ធម្មតា​ ៨.៦៥% អង្ករចំហ៊ុយ ២.៩៩% អង្ករសរីរាង្គចំនួន ១.៨៧%  និងអង្ករផ្សេងៗចំនួន ០.៤៦% ។ទន្ទឹមគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ១ ៣៩២ ១១៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៣១៣.២២ លានដុល្លារសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីសហព័ន្ធស្រូវអង្ករកម្ពុជា៕ អត្ថបទ៖ ហ្សាលីន