លោក ត្រាំ ប្រកាសលុបចោលផែនការដំឡើងពន្ធទ្វេដងលើដែកថែប និងអាលុយមីញ៉ូមរបស់កាណាដាវិញ

អន្តរជាតិ

ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តលុបចោលវិធានការពន្ធគយថ្មីរបស់ខ្លួនវិញ ពោលនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការប្រកាសដំឡើងពន្ធនាំចូលរហូតដល់ទៅ ៥០% លើអាលុយមីញ៉ូម និងដែកថែបរបស់ប្រទេសកាណាដា ដែលជាអត្រាពន្ធទ្វេដងបើធៀបទៅនឹងពន្ធរបស់អាមេរិកដាក់លើអាលុយមីញ៉ូម និងដែកថែបរបស់ប្រទេសផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១១ ខែមីនា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា លោកបានណែនាំដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឲ្យដំឡើងពន្ធនាំចូលទ្វេដងលើអាលុយមីញ៉ូម និងដែកកាណាដាដល់ ៥០% ។ ហើយជុំវិញផែនការដំឡើងពន្ធថ្មីនេះ គឺដើម្បីជាការឆ្លើយតបទៅនឹងរដ្ឋបាលខេត្ត Ontario របស់ប្រទេសកាណាដាដែលដាក់ពន្ធ ២៥% លើអគ្គិសនីដែលនាំចេញទៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១០ ខែមីនា។

គួរឲ្យដឹងផងដែរថា Ontario គឺជាកន្លែងដែលអគ្គិសនីភាគច្រើនត្រូវបាននាំចេញទៅកាន់រដ្ឋ New York, Michigan និង Minnesota របស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ជុំវិញការប្រកាសរបស់លោក ត្រាំ នេះ ត្រូវបានគេដឹងថានឹងត្រូវចូលជាធរមាននៅថ្ងៃទី១២ ខែមីនា នេះ ពោលគឺនៅចំថ្ងៃតែមួយដែលសហរដ្ឋអាមេរិក ដាក់ពន្ធនាំចូល ២៥% លើអាលុយមីញ៉ូម និងដែកថែបពីគ្រប់ប្រទេសទាំងអស់ដែលនាំចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅត្រឹមតែប៉ុន្មានម៉ោងក្រោយមក ទីប្រឹក្សាពាណិជ្ជកម្មរបស់សេតវិមាន លោក Peter Navarro បានប្រកាសថា លោក ត្រាំ នឹងមិនដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកកាណាដាទៀតនោះទេ។ មូលហេតុគឺថា ដោយសារតែនាយករដ្ឋមន្ត្រីរដ្ឋ Ontario លោក Doug Ford បាននិយាយថា លោកនឹងផ្អាកការតម្លើងថ្លៃអគ្គិសនីដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកវិញ បន្ទាប់ពីបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick រួចរាល់។

ជម្រាបជូនផងដែរថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដា បាននឹងកំពុងកើនឡើងកម្តៅកាន់តែខ្លាំង នាពេលថ្មីៗនេះ។ កាលពីដើមខែកុម្ភៈកន្លងទៅ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលកំណត់យកពន្ធនាំចូលលើទំនិញទាំងអស់ពីប្រទេសកាណាដា និងម៉ិកស៊ិក។ ពន្ធគយនេះត្រូវបានចូលជាធរមាននៅថ្ងៃទី៤ ខែមីនា ដោយផលិតផលទាំងអស់ដែលនាំចូលពីប្រទេសទាំងពីរនេះ ត្រូវជាប់ពន្ធ ២៥% លើកលែងតែថាមពលរបស់កាណាដាប៉ុណ្ណោះ ដែលត្រូវជាប់ពន្ធត្រឹមតែ ១០%៕