ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានធ្លាក់ចុះអស់ជិត ១៥% នៅក្នុងការជួញដូរដំបូងនៃសប្តាហ៍នេះ ដែលបណ្តាលឲ្យទាំងតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន ក៏ដូចជាទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។
យោងតាមរបាយការណ៍ពី Bloomberg Billionaires Index បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ទ្រព្យសម្បត្តិនាយករប្រតិបត្តិក្រុមហ៊ុនTesla លោក Elon Musk បានធ្លាក់ចុះអស់រហូតដល់ទៅ ២៩ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដែលភាគច្រើនកើតឡើងដោយសារតែការធ្លាក់ចុះនៃភាគហ៊ុន Tesla ។ ឥឡូវនេះ ទ្រព្យសម្បត្តិសរុបរបស់លោក Musk មានចំនួនប្រមាណ ៣០១ពាន់លានដុល្លារ ខណ:នៅតែធ្វើឲ្យលោកបន្តឈរនៅកំពូលតារាងជាអ្នកមានដាច់គេរបស់ពិភពលោកដដែល។
យ៉ាងណាមិញជុំវិញការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នេះ បានកើតឡើងចំពេលដែលក្រុមអ្នកវិនិយោគ ហាក់បាត់បង់ទំនុកចិត្តទៅលើមហាសេដ្ឋី លោក Musk ដែលកំពុងមានការធ្វេសប្រហែសនៅក្នុងមុខជំនួញរបស់ខ្លួន ខណ:មួយរយ:ពេលចុងក្រោយនេះ លោក Musk ហាក់កំពុងជាប់ដៃនៅក្នុងការដឹកនាំការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលជួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយការខ្ជះខ្ជាយថវិការបស់ជាតិ។
ជាមួយគ្នានេះ តម្លៃមូលធនមទីផ្សាររបស់ក្រុមហ៊ុន Tesla ក៏បានធ្លាក់ចុះមកនៅត្រឹម ១២៥ពាន់លានដុល្លារផងដែរ នៅត្រឹមតែការជួញដូរនៃសប្តាហ៍នេះប៉ុណ្ណោះ។ ហើយបើគិតចាប់តាំងពីដើមឆ្នាំនេះមក តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សអាមេរិកនេះ បានធ្លាក់ចុះអស់ ៤១% រួចមកហើយ ដែលបណ្តាលឲ្យទ្រព្យសម្បត្តិរបស់លោក Musk ធ្លាក់ចុះអស់ចំនួនដល់ទៅ ១៣២ពាន់លានដុល្លារ។
យ៉ាងណាក៏ដោយ លោក Musk នៅតែជាប់ឈ្មោះជាបុគ្គលដែលមានជាងគេបំផុតលើពិភពលោក តាមពីក្រោយដោយស្ថាបនិក Amazon លោក Jeff Bezos (មានទ្រព្យសរុប ២១៦ពាន់លានដុល្លារ) និងមេធំ Meta លោក Mark Zuckerberg (មានទ្រព្យសរុប ២១១ពាន់លានដុល្លារ)៕