កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក ប៉ុន្តែភាគច្រើនត្រូវបាននាំចេញជាវត្ថុធាតុដើមមិនទាន់បានកែច្នៃ ខណៈការលើកកម្ពស់ការកែច្នៃក្នុងស្រុក អាចបង្កើតតម្លៃបន្ថែមសម្រាប់កសិករ និងពង្រឹងឧស្សាហកម្មមួយនេះ។នេះបើយោងតាមហ្វេសប៊ុករបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា កាលព្រឹកថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២៥។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានបន្តថា អូស្ត្រាលី បានគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈកម្មវិធី CAPRED ដោយបានគាំទ្រ ក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីកម្ពុជាចំនួនបួន និងតំណាងរាជរដ្ឋាភិបាល ក្នុងការចូលរួមសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងឌូបៃ។ កម្មវិធីនេះ ជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតគ្រាប់ស្វាយចន្ទីជាមួយអ្នកវិនិយោគ អ្នកកែច្នៃគ្រាប់ស្វាយចន្ទី និងអ្នកបញ្ជាទិញមកពីជុំវិញពិភពលោក។
ការគាំទ្រនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើភាពជោគជ័យកាលពីឆ្នាំមុន នៅពេលដែលកម្មវិធី CAPRED បានគាំទ្រក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីចំនួន ១០ ដើម្បីចូលរួមនៅក្នុងសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ នៅក្នុងខេត្តសៀមរាប ដែលនាំឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិថ្មីៗ។
តាមរយៈការពង្រឹងទំនាក់ទំនងទីផ្សារ និងសមត្ថភាពកែច្នៃ អូស្ត្រាលីកំពុងជួយកម្ពុជាក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។នេះបើតាមការបញ្ជាក់បន្ថែមពី ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។

សូមជម្រាបដែរថា យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់តោន៕ អត្ថបទ៖ ហ្សាលីន

