Toyota គ្រោងដាក់រថយន្ត EV ថ្មី ៩ ម៉ូដែលសម្រាប់ទីផ្សារអឺរ៉ុប នៅឆ្នាំនេះ និងឆ្នាំ២០២៦

អន្តរជាតិ

ក្រុមហ៊ុន Toyota បានឲ្យដឹងកាលពីថ្ងៃទី១២ ខែមីនាកន្លងទៅថា ខ្លួននឹងដាក់លក់រថយន្តអគ្គិសនីថ្មីៗចំនួន ៩ ម៉ូដែលបន្ថែមទៀត នៅក្នុងទីផ្សារអឺរ៉ុប សម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៦ ខាងមុខ សម្រាប់ម៉ាកយីហោទាំង Toyota និង Lexus របស់ខ្លួន ចំពេលកំពុងមានការប្រកួតប្រជែងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសជប៉ុននេះ បាននិយាយទៀតថា ខ្លួននឹងបញ្ចេញលក់រថយន្ត SUV អគ្គិសនីម៉ាកយីហោ Toyota ថ្មីៗចំនួន ៣ ម៉ូដែល នៅឆ្នាំនេះ ដោយក្នុងនោះរួមមាន bZ4X , Urban Cruiser និង C-HR+ ខណ:ស៊េរីថ្មីៗចំនួន ៣ ផ្សេងទៀត នឹងត្រូវបញ្ចេញដាក់លក់នៅឆ្នាំក្រោយ។

ជាមួយគ្នានេះ ក្រុមហ៊ុន Toyota ក៏នឹងដាក់លក់រថយន្ត EV ម៉ាក Lexus របស់ខ្លួនចំនួន ៣​ម៉ូដែល នៅអឺរ៉ុប ក្នុងរយៈពេល ១២ខែខាងមុខផងដែរ ដោយនឹងត្រូវចាប់ផ្តើមជាមួយនឹងម៉ូដែល Lexus RZ ដែលជាប្រភេទ SUV អគ្គិសនីថ្មី។

យ៉ាងណាមិញ ជុំវិញផែនការដាក់លករថយន្ត EV ម៉ូដែលថ្មីៗ នៅក្នុងតំបន់អឺរ៉ុបនេះ លោក Simon Humphries អគ្គនាយកក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការផ្តល់ជម្រើស និងឱកាសគឺជាបេះដូងនៃរថយន្តដែលមានភាពល្អប្រសើរជាងមុខ និងអ្វីគ្រប់យ៉ាងដែលយើងបានធ្វើ” ។

ជម្រាបជូនផងដែរថា ការលក់របស់ក្រុមហ៊ុន Toyota នៅទូទាំងទ្វីបអឺរ៉ុប បានកើនឡើង ១៣,១% នៅក្នុងឆ្នាំ២០២៤ ដល់ចំនួន ១លានគ្រឿង ខណ:ពេលដែលការលក់នៅក្នុងទីផ្សាររួមវិញ បានកើនឡើង ០,៩%៕