លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងនៅបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ថា ប្រទេសកម្ពុជា ជាកន្លែងវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិនបរទេស។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា មានកត្តាចំនួន ៧ ដែលអំណោយផល និងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជា ក្នុងនោះ រួមមាន៖
១. សន្តិភាព ស្ថេរភាពនយោបាយ
២. ច្បាប់នៃការវិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល
៣. រាជរដ្ឋាភិបាលជំរុញការវិនិយោគ
៤. ការផ្សារភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជាទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាពប្រសើរឡើង
៥. ប្រព័ន្ធហិរញ្ញវត្ថុមានស្ថេរភាពទាំងប្រាក់រៀល និងដំណើរការរបស់ប្រព័ន្ធធនាគារ និងប្រព័ន្ធទាំងមូល
៦. ការបង់ពន្ធមានភាពអនុគ្រោះ និងធូរស្រាលជាង បើធៀបនឹងប្រទេសដទៃទៀត
៧. អ្នកវិនិយោគដែលមិនមានសញ្ជាតិកម្ពុជា អាចធ្វើការជួលរយៈពេលវែង
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ចំណុចទាំងអស់នេះហើយដែលធ្វើឱ្យកម្ពុជា ជាកន្លែងដ៏ល្អសម្រាប់អ្នកវិនិយោគអាមេរិក។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ធ្លាប់បានលើកឡើងផងដែរថា អ្នកវិនិយោគគួរតែពិចារណាដាក់ទុនមកវិនិយោគនៅប្រទេសកម្ពុជា ព្រោះកម្ពុជាមានស្ថេរភាព ទាំងសេដ្ឋកិច្ច ម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពនយោបាយ។ ក្រៅពីសុខសន្តិភាព ស្ថេរភាពនិយោបាយ កម្ពុជាមានពលករ កម្មការី មានភាពវ័យក្មេង៦០% ដែលមានអាយុក្រោម៣៥ឆ្នាំ បើធ្រៀបធៀបប្រទេសទាំងអស់នៅតំបន់អាស៊ាន គឺកម្ពុជាក្មេងជាងគេ។

លើសពីនេះ បច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ និងមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលមានរបត់ផ្លាស់ប្តូរស្របតាមនិន្នាការជាសកល។ក្នុងនោះ គម្រោងវិនិយោគមានកំណើន បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា និងបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ដែរថា ២ខែ ដើមឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។ ២ខែ ឆ្នាំនេះ ចំនួនគម្រោងវិនិយោគមានការកើនឡើងរហូតដល់ទៅ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

