ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការ សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (CamDX)សម្រាប់ការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់។ អនុលោមតាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្តីពី “សេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច (CamDX) ” ធនាគារជាតិនៃកម្ពុជា បានរៀបចំសៀវភៅមគ្គុទ្ទេសក៍សម្រាប់ការស្នើសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មប្តូរប្រាក់ ក្នុងគោលដៅដើម្បីរួមចំណែកជួយសម្រួលដល់ការបង្កើតអាជីវកម្ម លើកកម្ពស់បរិយាកាស ធុរកិច្ច និងបង្កើនការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

តាមរយៈប្រព័ន្ធនេះ ធុរកិច្ចជននៅរាជធានី និងបណ្តាខេត្ត នានា អាចធ្វើការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់បានងាយស្រួល និងឆាប់រហ័ស។ សៀវភៅមគ្គុទ្ទេសក៍សម្រាប់ការស្នើសុំអាជ្ញាបណ្ណនេះ ត្រូវបានរៀបចំឡើង ដើម្បីជំរុញឱ្យការប្រើប្រាស់ ប្រព័ន្ធនេះ ប្រព្រឹត្តទៅដោយរលូន និងកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ សៀវភៅនេះក៏បានបង្ហាញពី នីតិវិធីនៃការចូលទៅប្រើប្រាស់ប្រព័ន្ធតាមដំណាក់កាលនីមួយៗផងដែរ។
ហេតុអ្វីត្រូវស្នើសុំអាជ្ញាបណ្ណ?
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងការប្តូរប្រាក់ គ្រប់រូបវន្តបុគ្គល/នីតិបុគ្គល ដែលប្រកបអាជីវកម្មប្តូរប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់ពីធនាគារជាតិនៃ កម្ពុជា។ ការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជាទទួលបានសិទ្ធិស្របច្បាប់ក្នុងការប្រកបអាជីវកម្មប្តូរប្រាក់មានសិទ្ធិចូលរួមក្នុងការទិញ-លក់ប្រាក់រៀលក្នុងប្រព័ន្ធធនាគារ (NBCP Platform)មានសិទ្ធិចូលរួមក្នុងការដេញថ្លៃទិញ-លក់ប្រាក់រៀលជាមួយធនាគារជាតិនៃកម្ពុជានិងទទួលបានការបណ្តុះបណ្តាលពីធនាគារជាតិនៃកម្ពុជាទាក់ទងនឹងរូបិយបណ្ណក្លែងក្លាយ។

បន្ថែមលើអត្ថប្រយោជន៍ទាំងនេះ ការស្នើសុំអាជ្ញាបណ្ណតាមរយៈសេវាអេឡិចត្រូនិកសម្រាប់ ធុរកិច្ច (CamDX) មានអត្ថប្រយោជន៍ ផ្តល់ទំនុកចិត្តនិងភាពងាយស្រួលដល់អាជីវករប្តូរប្រាក់ ចំណេញពេលវេលា និងកាត់បន្ថយបន្ទុកចំណាយផ្សេងៗ ប្រកបសកម្មភាពអាជីវកម្មត្រឹមត្រូវស្របតាមបែបបទ នីតិវិធី និងសេចក្តីណែនាំ។
អាជីវករដែលមានបំណងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់ពីធនាគារជាតិនៃកម្ពុជា អាច ធ្វើការស្នើសុំតាមរយៈតំណភ្ជាប់នៅលើគេហទំព័រ www.registrationservices.gov.kh ចាប់ពី ថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២៥ នេះតទៅ។

