សមាគមឧកញ៉ាកម្ពុជា កំពុងដំណើរការពិធីបើកសន្និបាតលើកទី២ ដើម្បីបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់សមាគម នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ក្នុងគោលបំណងពង្រីកសាមគ្គីភាព និងភាតរភាពរវាងសមាជិកទាំងអស់ ក៏ដូចជាអនុលោមតាមលក្ខន្តិកៈរបស់ខ្លួន សមាគមឧកញ៉ាកម្ពុជា ប្រារព្វពិធីសន្និបាតប្រចាំឆ្នាំលើកទី២ ដើម្បីបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុនម៉ាណែត និងពិធីពិសារភោជនាអាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា។
សន្និបាតដែលជាអង្គការលេខខ្ពស់បំផុតរបស់សមាគមឧកញ៉ាកម្ពុជា ផ្តល់ឱកាសដល់សមាជិកគ្រប់ៗរូប អាចចូលរួមបញ្ចេញមតិ ផ្តល់យោបល់ និងទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ ពីសមិទ្ធផលការងារប្រចាំឆ្នាំនីមួយៗរបស់សមាគម ដែលបាននឹងកំពុងបំពេញបេសកកម្ម ក្នុងគោលដៅថែរក្សា និងលើកកម្ពស់ឧត្តមភាពដ៏ឧដុង្គឧត្តមនៃគោរមងារឧកញ៉ា ដើម្បីចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព៕
















