សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែមានសុដិទ្ឋិនិយមខ្ពស់ថាកំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបានក្នុងរង្វង់៦,៥% ជាមធ្យមក្នុងមួយឆ្នាំ។

សម្តេចធិបតីមានប្រសាសន៍បែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ សម្តេចធិបតីមានប្រសាសន៍យ៉ាងដូច្នេះថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែមានសុដិទ្ឋិនិយមខ្ពស់ថាកំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបានក្នុងរង្វង់៦,៥% ជាមធ្យមក្នុងមួយឆ្នាំ។ ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចកម្ពុជាក៏បានឆ្លុះបញ្ចាំងតាមរយៈពាណិជ្ជកម្មអន្តរជាតិ ដោយក្នុងនោះទំហំពាណិជ្ជកម្មសរុបបានកើនឡើងជិត៥៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៤ មានកំណើនជិត១៦% បើធៀបឆ្នាំ២០២៣ ហើយការនាំចេញមានប្រមាណ២៦ប៊ីលានដុល្លារ ដែលមានកំណើនប្រមាណ១៤% ខណៈការនាំចូលមានទំហំ២៨ ប៊ីលានដុល្លារ មានកំណើនប្រមាណ១៦% ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្តថា កត្តាពាណិជ្ជកម្ម យើងឃើញថាប្រទេសយើងពឹងផ្អែកលើការនាំចេញជាច្រើន ដែលទាមទារឱ្យយើងពង្រឹង និងវាយតម្លៃឡើងវិញ ព្រោះកត្តាពាណិជ្ជកម្ម សេដ្ឋកិច្ច ពិភពលោកគឺងាយនឹងផុយស្រួយ ដោយមិនមែនតែកម្ពុជានោះទេ ប្រទេសជាច្រើនកំពុងតែព្រួយបារម្ភពីការប្រែប្រួលភ្លាមៗនៃគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក។ ការបត់បែនបែបនេះ ទាមទារឱ្យយើងពិនិត្យ វាយតម្លៃរចនាសម្ព័ន្ធពាណិជ្ជកម្មរបស់យើងដែលរាជរដ្ឋាភិបាលកំពុងតែធ្វើយ៉ាងណាដើម្បីទាញក្នុងការផលិតឱ្យបានច្រើនក្នុងស្រុក ជាពិសេសធាតុផ្គុំឱ្យបានច្រើន។
ក្នុងន័យនេះ សម្តេចធិបតីក៏បានលើកទឹកចិត្តដល់វិស័យឯកជនជួយទាក់ទាញដៃគូឱ្យមកបណ្ដាក់ទុនវិនិយោគក្នុងផ្នែកផ្សេងៗ និងធាតុបង្គំគ្រប់ផ្នែកនៅកម្ពុជាសម្រាប់បំពេញខ្សែច្រវាក់ ផលិតកម្ម ដើម្បីកាត់បន្ថយការនាំចូលធាតុបង្គំទាំងនោះ៕