ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ ដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន។ទន្ទឹមគ្នានេះ សម្តេច ក៏បានស្នើឱ្យឧកញ៉ាទាំងអស់គ្នាថែរក្សាកិត្តិនាម, កិត្តិយស និងគុណសម្បត្តិដ៏ល្អផូរផង់នេះ សម្រាប់បន្តជួយដល់សង្គមជាតិ។

សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងឱកាសចូលរួមពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ មីនា ២០២៥។
នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ និងដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន ព្រមទាំងបានខិតខំ និងទទួលផលពីការតស៊ូរបស់ខ្លួនក្រោមសុខសន្តិភាពរបស់ប្រទេស ហើយការរីកចម្រើននេះ មិនត្រឹមតែសម្រាប់ផ្ទាល់ខ្លួនទេ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ បុគ្គលិក និងការរួមចំណែកក្នុងការកសាងសមិទ្ធផលសង្គម កិច្ចការមនុស្សធម៌ និងជួយអ្នកដទៃ។
ហេតុនេះ សម្តេច ក៏សូមឧកញ៉ាទាំងអស់គ្នាថែរក្សាកិត្តិនាម, កិត្តិយស និងគុណសម្បត្តិដ៏ល្អផូរផង់នេះ សម្រាប់បន្តជួយដល់សង្គមជាតិ និងគោរម្ស៍ងារដ៏មានតម្លៃឱ្យបានយូរអង្វែង។ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់ការសហការ គាំទ្រ និងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការភ្ជាប់វិស័យឯកជន ជាមួយនឹងវិស័យឯកជន ដែលបង្កើនភាពទាក់ទាញ និងជំរុញការវិនិយោគឱ្យមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។
សូមជម្រាបដែរថា រាជរដ្ឋាភិបាល អះអាងថា កំណើននៃគម្រោងវិនិយោគនៅកម្ពុជា គឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរាជរដ្ឋាភិបាល និងវិស័យឯកជន ទើបអាចទាក់ទាញវិនិយោគិនបាន ព្រោះវិស័យឯកជនជឿជាក់វិស័យឯកជន។ ជាលទ្ធផលគួរជាទីមោទននៅក្នុងឆ្នាំ២០២៤, កម្ពុជាទទួលបានការស្នើសុំ និងអនុម័តគម្រោងជាផ្លូវការបានចំនួន ៤១៤គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦,៨ ប៊ីលានដុល្លារ គឺជាឆ្នាំដែលមានការវិនិយោគច្រើនជាងគេមិនធ្លាប់មាននៅកម្ពុជា។
រាជរដ្ឋាភិបាល ក៏បានប្រកាសថា នឹងផ្តល់ការលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់វិស័យឯកជន ដែលវិនិយោគលើការវិនិយោគផលិតផលគាំទ្រខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាដល់និរន្តរភាព និងកម្លាំងនៃការផលិតក្នុងស្រុកឱ្យកាន់តែសកម្ម មានតម្លៃទាប និងប្រសិទ្ធភាពខ្ពស់សម្រាប់បំពេញសេចក្តីត្រូវការក្នុងស្រុកផង និងនាំចេញផង៕ អត្ថបទ៖ ហ្សាលីន







