នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងធុរជនជាច្រើនរូប បានអញ្ជើញចូលរួមពិធីសិរីមង្គលអាពាហ៍ពិពាហ៍កូនប្រុសរបស់ឧកញ៉ា លីម ប៊ុណ្ណា ហៅឧកញ៉ាខ្នា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group) និងកូនស្រីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ពិធីមង្គលការលំដាប់អភិជនដ៏ធំនេះ កូនកំលោះនាម លីម សុធារ៉ា ត្រូវជាកូនប្រុសរបស់ឧកញ៉ា លីម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប និងលោកស្រី ថុង ធីតា។ រីឯកូនស្រីនាម ឃួង ស៊ីណាម៉ាឡែន ជាកូនស្រីរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង។
ក្នុងពិធីសិរីមង្គលអាពាហ៍ពិពាហ៍ ដែលរៀបចំឡើងយ៉ាងអធឹកអធ័ម និងតុបតែងយ៉ាងប្រណីតនេះ មានការអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពី សម្ដេច ឯកឧត្ដម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកមុខអ្នកការជាច្រើនរូបទៀត។ ក្រៅពីវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ ក៏មានវត្តមានរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូបផងដែរ។
សូមជម្រាបថា កូនកំលោះនាម លីម សុធារ៉ា បានបញ្ចប់ការសិក្សានិងទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Nottingham Trent ប្រទេសអង់គ្លេស កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ខណៈដែល កញ្ញា ឃួង ស៊ីណាម៉ាឡែន ដែលជាកូនក្រមុំ ក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣៕































រូបភាព៖ One Memory