អតីតនាយកប្រតិបត្តិ Binance ចេញមុខបដិសេធរឿងគ្រួសារត្រកូល ត្រាំ កំពុងចរចាទិញយកភាគហ៊ុន

អន្តរជាតិ

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Binance លោក Changpeng Zhao ឬត្រូវបានគេស្គាល់ជាទូទៅថា CZ កាលពីពេលថ្មីៗនេះ បានចេញបដិសេធជុំវិញព័ត៌មានដែលបានលើកឡើងថាគ្រួសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងចរចាដើម្បីទិញយកភាគហ៊ុនមួយផ្នែកធំ នៅក្នុងក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ Binance របស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ កាសែត Wall Street Journal បានដកស្រង់ប្រភពជិតស្និទ្ធនឹងបញ្ហានេះ ដោយបាននិយាយថាអ្នកតំណាងមកពីគ្រួសាររបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ បានពិភាក្សាជាមួយក្រុមហ៊ុន Binance អំពីការទិញភាគហ៊ុននៅក្នុងអាជីវកម្មផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូដ៏ធំផុតមួយរបស់ពិភពលោកនេះ។ ប្រភពដដែលនេះ ក៏បាននិយាយទៀតផងដែរថាស្ថាបនិក Binance លោក Zhao ក៏បានលូកដៃចូលនៅក្នុងការទិញយកភាគហ៊ុននេះផងដែរ ដើម្បីព្យាយាមជំរុញឲ្យរដ្ឋបាលរបស់លោក ត្រាំ លើកលែងទោសរបស់ខ្លួន។

រម្លឹកផងដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ លោក Zhao បានលាលែងពីតំណែងជានាយកប្រតិបត្តិនៃ Binance ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ខែពីបទ មិនគោរពតាមបទប្បញ្ញត្តិប្រឆាំងការលាងលុយកខ្វក់។

ជាមួយគ្នានេះ លោក Zhao ក៏បានប្រព្រឹត្តិកំហុសបន្ថែមទៀត​ដោយការរំលោភលើទណ្ឌកម្មដែលដាក់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) ផងដែរ។ ស្របពេលជាមួយគ្នានោះក្រុមហ៊ុន Binance ក៏ត្រូវបានបញ្ជាឲ្យបង់ប្រាក់ពិន័យចំនួនរហូតដល់ ៤,៣ពាន់លានដុល្លារ ថែមទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីមានព័ត៌មានជុំវិញការចរចាទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុន Binance របស់គ្រួសារត្រកូល ត្រាំនេះ លោក Zhao បានចេញបដិសេធវិញភ្លាមៗ នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់លោក ដោយសរសេរថា ៖”សូមអភ័យទោសដែលធ្វើឲ្យអ្នករាល់គ្នាខកចិត្ត។ ការចុះផ្សាយអត្ថបទនៅលើ WSJ គឺជារឿងមិនពិតនោះទេ”។ មិនតែប៉ុណ្ណោះ ដោយបានសរសេរនៅលើបណ្តាញសង្គម X លោក Zhao បានបញ្ជាក់បន្ថែមទៀតថា មិនមានការពិភាក្សាអំពីការទិញយកភាគហ៊ុនក្នុង Binance នៅអាមេរិក ជាមួយនរណាម្នាក់នោះទេ។

ជម្រាបជូនផងដែរថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងរយ:ពេលចុងក្រោយនេះ បានធ្វើការផ្លាស់ប្តូរ និងចេញសេចក្តីថ្លែងការណ៍ជាច្រើន ដោយបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះរូបិយប័ណ្ណគ្រីបតូ។ កាលពីដើមខែនេះ លោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីបង្កើតទុនបំរុងរូបិយប័ណ្ណឌីជីថលជាតិ ដើម្បីរក្សាទុកនូវកាក់ថូខិនដែលរឹបអូសដោយរដ្ឋាភិបាលក្នុងសំណុំរឿងព្រហ្មទណ្ឌផ្សេងៗ ថែមទៀតផង៕