លោក ត្រាំ ថានឹងជជែកជាមួយលោក ពូទីន ឆាប់ៗនេះ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៨ ខែមីនា ខាងមុខ ដើម្បីពិភាក្សាអំពីលទ្ធភាពបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីយប់ថ្ងៃទី១៦ ខែមីនាថា “យើងធ្វើកិច្ចការងារបានច្រើនណាស់នៅចុងសប្តាហ៍នេះ។ខ្ញុំនឹងនិយាយជាមួយប្រធានាធិបតីលោកពូទីន នៅថ្ងៃទី១៦ ខែមីនាខាងមុខ” ។

ប្រធានាធិបតីអាមេរិក បានបន្ថែមទៀតថា ៖”យើងចង់មើលថាតើយើងអាចបញ្ចប់សង្រ្គាមនេះបានដែរឬទេ។ ខ្ញុំគិតថាយើងមានឱកាសល្អណាស់ក្នុងការធ្វើវា”។

មុននេះ លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតី លោក ត្រាំ ក៏បាននិយាយផងដែរថា ៖ “ប្រធានាធិបតីប្រទេសទាំងពីរនឹងមានការពិភាក្សាគ្នាពិតជាបានល្អ និងវិជ្ជមានបំផុត ក្នុងសប្តាហ៍នេះ”។

លោក Witkoff បាបន្តទៀតថា ៖”នេះគឺជាស្ថានភាពដ៏ស្មុគស្មាញមួយ ប៉ុន្តែយើងកំពុងបិទគម្លាតរវាងភាគីទាំងពីរ។ ខ្ញុំពិតជារំពឹងទុកថាយើងនឹងឈានដល់កិច្ចព្រមព្រៀងមួយ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយខ្ញុំក៏ជឿថាវានឹងកើតឡើង”។

បន្ទាប់ពីកិច្ចប្រជុំរវាងគណៈប្រតិភូអាមេរិក និងអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីដើមសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងគៀវបានប្រកាសថា ខ្លួនបានទទួលយកសំណើរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ។ ដោយឡែកខាងប្រធានាធិបតី ពូទីន ក៏បាននិយាយផងដែរថា រុស្ស៊ីគាំទ្រសំណើដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន រួមទាំងបទឈប់បាញ់រយៈពេល ៣០ថ្ងៃផងដែរ ប៉ុន្តែក្នុងលក្ខខណ្ឌដែលពួកគេអាចឈានទៅដល់ការស្វែងរកសន្តិភាពយូរអង្វែង និងដោះស្រាយឲ្យបានហ្មត់ចត់នូវមូលហេតុនៃជម្លោះ។

គួរជម្រាបជូនផងដែរថា រុស្ស៊ីបានរក្សាជាយូរមកហើយថា ការចូលជាសមាជិកអង្គការ NATO របស់អ៊ុយក្រែន គឺជាបន្ទាត់ក្រហមមួយសម្រាប់ប្រទេសនេះ ខណៈដែលរដ្ឋាភិបាលទីក្រុងគៀវ បានច្រានចោលម្តងហើយម្តងទៀតនូវសម្បទានដែនដីណាមួយ ទៅឲ្យរុស្ស៊ីឡើយ៕