បច្ចុប្បន្នក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការអាជីវកម្មច្រើនប្រភេទក្នុងពហុវិស័យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ តើយើងមិនដឹងទេថា នៅពីក្រោយភាពជោគជ័យដ៍ចេះត្រចង់នេះ មានមនុស្សប៉ុន្មាននាក់ ហើយមានប្រវត្តិយ៉ាងណា ឧកញ៉ាញូស៍ សូមដឹកដៃអ្នកអានមកតាមដានតទៅ៖
អ្នកឧកញ៉ា លី ហួរ គឺជាកូនកសិករចាប់កំណើតនៅឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកកំព្រាឪពុកតាំងតែពីអាយុ ៩ឆ្នាំ។
លោកអាយុ ១៨ឆ្នាំ លោកបានចូលរួមជាមួយយុវជនដែលមានកាតព្វកិច្ចសំខាន់ណាស់ក្នុងការការពារជាតិ បម្រើជាតិ ជាកម្លាំងពិសេសជួរមុខនៅសមរភូមិប្រយុទ្ធ លោកមិនដែលបានរស់នៅជួបជុំគ្រួសារសាច់ញាតិនោះឡើយ។
នៅឆ្នាំ១៩៨០ លោក លី ហួរ បានចិញ្ចឹមជ្រូកមួយក្បាល លុះឈានចូលដល់ឆ្នាំ១៩៨២ លី ហួរ បានចាប់ផ្តើមផ្លាស់ប្តូរជីវិតពីកសិករទៅជាអ្នកក.វែក ក.ឆ្នាំង ជួញដូរទំនិញកំប៉ិកកំប៉ុកវិញម្តង បន្ទាប់ពីរូបលោកសល់ដើមទុនប្រមាណ ២ជីមាស ដែលបានមកពីការលក់ជ្រូកមួយក្បាល។ បន្ទាប់មក រូបលោកក៍មានកង់មួយគ្រឿង ធាក់ដឹកស្ករពីស្គន់ ផ្អាវ ទៅលក់នៅក្រុងសួង និងមេមត់ទៀតផង។
លោក លី ហួរ បានទៅជួញដូរក្រណាត់ សារុង ប៊ីចេង ពីប្រទេសថៃ មកលក់ដូនៅក្នុងប្រទេសកម្ពុជា។
នៅឆ្នាំ១៩៨៥ លោក និងភរិយា បានមើលឃើញឱកាសទីផ្សារទិញលក់មាស ក៏បានចាប់ផ្តើមជួញដូរទិញលក់មាស។
ឆ្នាំ១៩៨៦ អាជីវកម្មប្តូរប្រាក់ ដំបូងគេបំផុតរបស់ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានចាប់ផ្តើមបង្កើតឡើងដោយឧកញ៉ា លី ហួរ និងឧកញ៉ា ស៊ាង លីម ដើម្បីផ្តល់សេវាប្តូរប្រាក់ជូនអតិថិជននៅរាជធានីភ្នំពេញ។
រយៈពេលជាង ៣ ទស្សវត្សកន្លងមកនេះ អ្នកឧកញ៉ា លី ហួរ ត្រូវបានស្គាល់ថា ជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញ និងជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ។
អ្នកឧកញ៉ា លី ហួរ មានទស្សនៈថា “ពិតណាស់ថា លុយសំខាន់សម្រាប់ការចាប់ផ្តើមអាជីវកម្ម ប៉ុន្តែខ្ញុំចាត់ទុកថាជាដើមទុនទី២ ដើមទុនទី១ គឺជាដើមទុនគំនិតនេះឯង បើយើងគ្មានគំនិត គិតឲ្យបានល្អិតល្អន់ និងវែងឆ្ងាយនោះទេ ទោះយើងមានលុយប៉ុន្មានក៏ដោយក៏វាបរាជ័យដែរ”
មកដល់បច្ចុប្បន្ននេះ អ្នកឧកញ៉ា លី ហួរ មានអាណាចក្រជំនួញប៉ុន្មាន ដែលកំពុងតែប្រតិបត្តិការអាជីវកម្មយ៉ាងសកម្មរបស់ខ្លួន៖
១.ក្រុមហ៊ុន លី ហួរ ប្តូរប្រាក់ និងលក់គ្រឿង អលង្ការ ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា លី ហួរ និងឧកញ៉ា ស៊ាង លីម ជាសហភាគទុនិកចាប់តាំងពីឆ្នាំ១៩៨៦ ហើយមានដើមទុនជាមាសចំនួនពីរជី ស្ថិតនៅចន្លោះផ្សារធំថ្មី ផ្សារអូឫស្សី និងផ្សារអូឡាំពិក។
២.ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មទទួលបញ្ចាំចលនទ្រព្យ និងអចលនទ្រព្យគ្រប់ប្រភេទពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១០។
៣.ក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋានបុរីវិមានភ្នំពេញ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលត្រូវបានបង្កើតឡើងនៅក្នុងខែតុលា ឆ្នាំ២០១១ ចាប់ផ្តើមគម្រោងទី១ នៅលើផ្ទៃដីសាងសង់ចំនួន ១៨ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៤.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ក្នុងខែតុលា ឆ្នាំ២០១២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បី បើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន។
៥.ក្រុមហ៊ុន ទេពី វិនិយោគ កសិ-ឧស្សាហកម្មដំណាំកៅស៊ូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដើម្បីពង្រីកការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម។ ហើយក្រុមហ៊ុន ទេពី អាក្រូ វិនិយោគនេះ បានបង្កើតបុត្រសម្ព័ន្ធចំនួន បីបន្ថែមទៀត រួមមាន ក្រុមហ៊ុន អិកស៍ អិល អិកស៍ អាហ្រ្គោ ក្រុមហ៊ុន អិកស៍ អិល អិកស៍ ស៊ីង ស៊ីង និងក្រុមហ៊ុន បាយអូ ហ្គាដិន។
៦.ក្រុមហ៊ុន លីហួរ លីស៊ីង ភីអិលស៊ី ផ្តល់ជូននូវសេវាភតិសន្យាហិរញ្ញវត្ថុ នៅទូទាំងប្រទេសកម្ពុជា សម្រាប់ការបង់រំលស់យានយន្ត (រថយន្ត ម៉ូតូ និងម៉ូតូកង់បី) ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៥ ដោយចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។ ក្រុមហ៊ុន លី ហួរ លីស៊ីង។
៧.ក្រុមហ៊ុន ផេប៉្រូ ភីអិលស៊ី ដែលវិនិយោគលើដំណើរការប្រតិបត្តិការជាភាគីទីបីដោយផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ និងប្រគល់ដោយធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។
៨-ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ដែលធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងទូទៅ មានទុនចុះបញ្ជីសរុបចំនួន ៧,៧លានដុល្លារអាមេរិក ដោយទទួលអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងទូទៅពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។ និងចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៩ខែមករា ឆ្នាំ២០១៨។