យោងតាមក្រសួងទេសចរណ៍ និងកីឡា បានឲ្យដឹងថា រយ:ពេលនៃការស្នាក់នៅដោយគ្មានទិដ្ឋាការនៅក្នុងប្រទេសថៃ ត្រូវបានកំណត់ឲ្យកាត់បន្ថយពី ៦០ថ្ងៃ មកនៅត្រឹមតែ ៣០ថ្ងៃវិញ ខណ:ពេលដែលអាជ្ញាធរពាក់ព័ន្ធបានយល់ព្រមជាគោលការណ៍រួមមួយចំពោះការផ្លាស់ប្តូរនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ហានិភ័យនៃអាជីវកម្មខុសច្បាប់ដែលអាចកេងប្រវ័ញ្ចលើគម្រោងលើកលែងទិដ្ឋការនាពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា ក្រសួងការបរទេសបានទទួលស្គាល់បញ្ហានេះ ដូចដែលវាត្រូវបានលើកយកមកពិភាក្សាយ៉ាងទូលំទូលាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ នៅរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
លោក Sorawong បាននិយាយទៀតថា ពួកគេទាំងអស់បានយល់ព្រមជាគោលការណ៍រួមមួយដើម្បីកាត់បន្ថយរយៈពេលនៃការស្នាក់នៅពី ៦០ថ្ងៃ មកនៅត្រឹម ៣០ថ្ងៃសម្រាប់ពលរដ្ឋមកពីប្រទេសដែលបានផ្តល់ការលើកលែងទិដ្ឋាការក្រោមកម្មវិធីដែលរដ្ឋាភិបាលដាក់ចេញនាពេលកន្លងមក។ តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវលើកមកពិភាក្សាមុននឹងប្រកាសជាផ្លូវការនូវការកែសម្រួលច្បាប់ថ្មីនេះ។
ជម្រាបជូនផងដែរថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ មក រដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យអ្នកកាន់លិខិតឆ្លងដែនមកពី ៩៣ប្រទេសចូលប្រទេសថៃ សម្រាប់គោលបំណងទេសចរណ៍ ក្នុងរយៈពេលមិនលើសពី ៦០ថ្ងៃ ខណ:ការផ្តល់ជូននេះ គឺលើសពីការអនុញ្ញាតពីមុន ដែលមានត្រឹមតែប្រទេសចំនួន ៥៧ ប៉ុណ្ណោះ៕