ក្រុមហ៊ុនខ្នាតយក្សសិង្ហបុរីមួយ គ្រោងបោះទុនវិនិយោគ ១ពាន់លានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យនៅថៃ

អន្តរជាតិ

DayOne ដែលជាក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សមួយមានមូលដ្ឋាននៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួនកំពុងត្រៀមចំណាយទឹកប្រាក់ចំនួន ១ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ នៅប្រទេសថៃ ក្នុងរយ:ពេល ៣ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ តាមរយ:សេចក្តីថ្លែងការមួយរបស់ក្រុមហ៊ុន DayOne បាននិយាយថា ប្រសិនបើប្រទេសថៃ អាចកាត់បន្ថយតម្លៃអគ្គិសនីរបស់ពួកគេ មកត្រឹមនៅ ២,៥បាតក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលជាអត្រាទាបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ ទស្សនវិស័យសម្រាប់អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសថៃ នឹងកាន់តែប្រសើរឡើង។

គួរឲ្យដឹងថា ការវិនិយោគរបស់ DayOne នៅក្នុងប្រទេសថៃ ត្រូវបានចាត់ទុកថាជាគម្រោងវិនិយោគធំជាងគេបំផុតលំដាប់ទីពីរ របស់ក្រុមហ៊ុន សម្រាប់មជ្ឈមណ្ឌលទិន្នន័យ បន្ទាប់ពីគម្រោងនៅក្នុងប្រទេសម៉ាឡេស៊ី។

នាយកប្រតិបត្តិ DayOne លោកស្រី Jamie Khoo បាននិយាយថា ក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើសវិនិយោគនៅក្នុងប្រទេសថៃ ដោយសារតែគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល ក៏ដូចជាការពង្រីកសេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់របស់ប្រទេសនេះជាមួយឥណ្ឌូចិន។

ក្រុមហ៊ុនបានទទួលការយល់ព្រមពីក្រុមប្រឹក្សាវិនិយោគថៃ សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានដុល្លាររបស់ខ្លួននេះ នៅក្នុងការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យថៃ ដែលមានសមត្ថភាពសរុប ១៨០ មេហ្គាវ៉ាត់។ ដំណាក់កាលដំបូងនៃការអភិវឌ្ឍ គ្រោងនឹងបញ្ចប់នៅត្រីមាសទីពីរនៃឆ្នាំ២០២៦ ខណៈដំណាក់កាលទីពីរ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ប៉ុន្តែអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន DayOne មានមជ្ឈមណ្ឌលទិន្នន័យនៅក្នុងទីផ្សារអាស៊ីសំខាន់ៗ រួមមានសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហុងកុង និងជប៉ុន ជាដើម៕