បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈប្រចាំឆ្នាំ២០២០បានលើកឡើងថា បើទោះបីស្ថានភាពកូវីដធ្វើឱ្យពិភពលោកបានបង្ហាញពីឱនភាពសេដ្ឋកិច្ច យ៉ាងណាក៍ដោយ ដោយឡែកបេឡាជាតិសន្តិសុខសង្គមកម្ពុជា មិនទាន់បង្ហាញពីផលប៉ះពាល់នៃប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតនៅឡើយទេ ។
ជាអាទិ៍ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល បានបើកផ្តល់ដល់កម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៨០ ៤៩៩នាក់ ក្នុងនោះចំនួនកូនមាន ៨១ ០៣១ នាក់ ដោយចំណាយទឹកប្រាក់អស់ប្រមាណជាង ៣២ពាន់លានរៀល តាមរយៈបេឡាជាតិសន្តិសុខសង្គម។ បើប្រៀបធៀបកាលពីឆ្នាំ២០១៩ និងឆ្នំា២០១៨ កន្លងទៅឃើញថា ស្រ្ដីសម្រាលកូនមានការកើនឡើងជាបន្តបន្ទាប់ ដែលក្នុងឆ្នាំ២០១៩ ស្ដ្រីសម្រាលកូនមានចំនួន៧៧ ៤៤៩នាក់ មានចំនួនកូនសរុប ៧៧ ៩៦៦នាក់់ និងឆ្នាំ២០១៨ មានស្រ្ដីសម្រាលកូនចំនួន ៦៥ ០៥៤នាក់ មានចំនួនកូនសរុប ៦៥ ៥៣៤នាក់។
ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ធ្លាប់បានលើកឡើងពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាសេនាធិការ ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ៖
– សម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល
– សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល
– សម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២០ម៉ឺនរៀល
ដែលត្រូវបានបើកផ្តល់ជូន តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។
នេះដោយសារតែការដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការណ៍ច្បាស់លាស់ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការការពារមេរោគដល់សាហាវមួយនេះ។
បច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលនៅតែបន្តអំពាវនាវឱ្យប្រជាជនអនុវត្តន៍នូវវិធានការណ៍របស់ក្រសួងសុខាភិបាលឱ្យជាប់ជានិច្ច ដើម្បីសុខភាពសង្គមទាំងមូល គ្មានការឆ្លងមកលើប្រជាជនកម្ពុជា៕