អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ទី៩នៅលើពិភពលោក សាងសង់បាន៩៥%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានតម្លៃ១ ៥០០លានដុល្លារ ជាអាកាសយាដ្ឋានធំជាងគេលំដាប់ទី៩ លើពិភពលោក ពេលនេះសម្រេចការសាងសង់បាន៩៥%ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមក្រសួងទេសចរណ៍ បានឱ្យដឹងនៅក្នុងដំណើរពិនិត្យវឌ្ឍនភាព ព្រលានយន្តហោះអន្តរជាតិតេជោ ដែលដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយគណៈប្រតិភូ និងក្រុមហ៊ុនឯកជនសរុបប្រមាណ ១០០នាក់ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

លោក ហួត ហាក់ បានឱ្យដឹងថា ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរ បូករួមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ ភ្ញៀវទេសចរអន្តជាតិនឹងកើនលើសការរំពឹងទុក។ ដោយលោកគូសបញ្ជាក់ថា កំណើនភ្ញៀវទេសចរអន្តរជាតិ បាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ មានការកើនឡើង២៣% ធៀបនឹងឆ្នាំ២០២៣ ពោលឈានដល់៦លាន៧សែននាក់ ខណៈដែលនៅឆ្នាំ២០២៥នេះ រំពឹងថា នឹងបន្តកើនឡើងឈានដល់ ៧លាន២សែននាក់ ទៅដល់៧លាន៥សែននាក់។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

អាកាសយានដ្ឋានធំលំដាប់ទី៩ លើពិភពលោកមួយនេះ គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនាខែកក្កដាខាងមុខ ខណៈនេះជាសមិទ្ធផលដ៏អស្ចារ្យ ពិតជារួមចំណែកបានជាតម្លៃបន្ថែមសំខាន់ណាស់ សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជា តម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាតម្លៃបន្ថែមខ្ពស់ សម្រាប់វិស័យទេសចរណ៍កម្ពុជា៕