EU សម្រេចពន្យារពេលដាក់ចេញវិធានការពន្ធគយសងសឹកទៅលើទំនិញរបស់អាមេរិក

អន្តរជាតិ

សហភាពអឺរ៉ុប (EU) កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តពន្យារពេលក្នុងការដាក់ចេញវិធានការពន្ធគយសងសឹកជាលើកដំបូងរបស់ខ្លួន ប្រឆាំងទៅនឹងសហរដ្ឋអាមេរិក ពាក់ព័ន្ធទៅនឹងពន្ធគយលើលោហធាតុរបស់ប្រធានាធាធិបតី លោក ដូណាល់ ត្រាំ រហូតដល់ពាក់កណ្តាលខែមេសា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា គណៈកម្មការអឺរ៉ុប គ្រោងនឹងដាក់ពន្ធសងសឹកទៅលើផលិតផលរបបស់អាមេរិកដែលមានតម្លៃសរុបចំនួន ៤,៥ពាន់លានអឺរ៉ូ ៤,៩ពាន់លានដុល្លារ) ចាប់ពីថ្ងៃទី១ ខែមេសា តទៅ ហើយក៏មានគម្រោងក្នុងការដាក់ពន្ធទៅលើទំនិញរបស់អាមេរិកដែលមានតម្លៃ ១៨ពាន់លានអឺរ៉ូបន្ថែមទៀត នៅថ្ងៃទី១៣ ខែមេសា។

ប៉ុន្តែទន្ទឹមនឹងនេះ ស្នងការពាណិជ្ជកម្មអ៊ឺរ៉ុប លោក Maros Sefcovic បានប្រាប់ទៅកាន់សវនាការ នៅសភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ៖”ឥឡូវនេះយើងកំពុងពិចារណា ដើម្បីកំណត់ពេលវេលាឡើងវិញជុំវិញវិធានការពន្ធគយសងសឹករបស់សហភាពអឺរ៉ុប ដូច្នេះយើងអាចពិគ្រោះជាមួយរដ្ឋជាសមាជិកទាំងអស់ក្នុងពេលដំណាលគ្នា ហើយនេះក៏នឹងផ្តល់ឲ្យយើងនូវពេលវេលាបន្ថែមសម្រាប់ការចរចាជាមួយដៃគូអាមេរិករបស់យើង ផងដែរ” ។

គណៈកម្មាការអឺរ៉ុប ក៏បានអះអាងជាបន្តបន្ទាប់ថា រាល់វិធានការពន្ធគយប្រឆាំងរបស់សហភាពអឺរ៉ុប អាចនឹងត្រូវចូលជាធរមាន នៅពាក់កណ្តាលខែមេសា ជំនួសវិញ។ហើយជុំវិញវិធានការប្រឆាំងដំបូងនោះ រួមមានការអនុវត្តពន្ធ ៥០% លើស្រា bourbon របស់សហរដ្ឋអាមេរិក។

តែទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ត្រាំ បានគំរាមយកពន្ធរហូតដល់ទៅ ២០០% លើស្រា និងផលិតផលគ្រឿងស្រវឹងផ្សេងទៀត ដែលមកនាំចូលពីសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះបន្តអនុវត្តវិធានការដាក់ពន្ធគយសងសឹករបស់ខ្លួនទៀតនោះ។ ហើយមិនតែប៉ុណ្ណោះ រដ្ឋបាលរបស់លោក ត្រាំ ក៏កំពុងរៀបចំផែនការពន្ធ “ទៅវិញទៅមក” នៅថ្ងៃទី២ ខែមេសា ដើម្បីរក្សាតុល្យភាពប្រព័ន្ធពាណិជ្ជកម្មសកលឡើងវិញ៕