នាយកដ្ឋានប្រាក់ចំណូលថៃ កាលពីពេលថ្មីៗនេះ បានជំរុញឲ្យអ្នកមានឥទ្ធពលលើបណ្តាញសង្គម ( Influencer) និងអ្នកលក់អនឡាញ ប្រញាប់ទៅដាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ នៅត្រឹមចុងខែមីនានេះ ដើម្បីចៀសវាងការផាកពិន័យ និងឈានដល់ការដាក់ទោស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
អគ្គនាយកនៃនាយកដ្ឋានប្រាក់ចំណូលថៃ លោក Pinsai Suraswadi បានសម្តែងការព្រួយបារម្ភថា អ្នករកប្រាក់ចំនូលវ័យក្មេងជាច្រើន រួមទាំងអ្នកលក់អនឡាញ Influencer និងអ្នកត្រួតពិនិត្យផលិតផល គឺមិនដែលដាក់ពន្ធលើប្រាក់ចំណូលរបស់ពួកគេនោះឡើយ។
គួរឲ្យដឹងថា វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសថៃធំៗដូចជា Shopee, Lazada និង TikTok បានបង្ហាញទិន្នន័យឲ្យដឹងថា មានអ្នកប្រកបអាជីវកម្មលក់អនឡាញលើវេទិការបស់ខ្លួនប្រហែល ៣ លាននាក់ ខណៈ Influencer ពេញម៉ោង និងអ្នកបង្កើតមាតិកា ត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណ ២ លាននាក់ ដែលអាចបង្កើតប្រាក់ចំណូលបានរាប់ពាន់លានបាត។ ហើយបើតាមការស្ទង់មតិថ្មីៗនេះ បានរកឃើញថាមនុស្សជាច្រើននៅក្នុងក្រុមនេះ ជាពិសេសបុគ្គលវ័យក្មេង គឺខកខានមិនបានរាយការណ៍ពីប្រាក់ចំណូល ឬបង់ពន្ធនោះឡើយ។
ទន្ទឹមនឹងនេះ លោក Pinsai បានព្រមានថានាយកដ្ឋានប្រាក់ចំណូល អាចនឹងធ្វើសវនកម្មលើកំណត់ត្រារហូតដល់ ៥ឆ្នាំត្រឡប់មកវិញ ហើយការខកខានក្នុងការដាក់ឯកសារពន្ធ នឹងនាំឲ្យមានការការផាកពិន័យ។
យោងតាមការសិក្សាមួយដែលបង្ហាញដោយ Tellscore, FutureTales LAB និងវិទ្យាស្ថានថៃសម្រាប់និរន្តរភាពសុខភាពផ្លូវចិត្ត (Tims) បានប៉ាន់ប្រមាណថា ឧស្សាហកម្មអ្នកបង្កើតមាតិការបស់ប្រទេសថៃ បានរួមចំណែកយ៉ាងហោចណាស់ ៤៥ពាន់លានបាត (១,២៥ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំដល់សេដ្ឋកិច្ចជាតិ៕