រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick កាលពីពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងថា ប័ណ្ណមាសដែលមានតម្លៃ ៥លានដុល្លាររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ សម្រាប់លក់ជូនជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដើម្បីទទួលបានសញ្ជាតិអាមេរិកនោះ ក្នុងមួយថ្ងៃអាចលក់ចេញបានរហូតដល់ទៅ ១ ០០០ សន្លឹកឯណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Economic Times។
ដោយបានផ្តល់បទសម្ភាសនៅក្នុងកម្មវិធី All-In Podcast លោក Lutnick បាននិយាយថា ៖”មានមនុស្ស ៣៧ លាននាក់នៅលើពិភពលោកដែលមានសមត្ថភាពទិញប័ណ្ណនេះ ហើយលោកប្រធានាធិបតីគិតថា យើងនឹងអាចលក់វាបាន ១លានសន្លឹក” ។
ទន្ទឹមនឹងនេះ ដោយបានបញ្ជាក់អំពីមូលហេតុដែលអ្នកណាៗគួរតែទិញប័ណ្ណមាសនេះទុក លោក Lutnick បាននិយាយថា ប្រសិនបើលោកមិនមែនជាជនជាតិអាមេរិកទេនោះ លោកនឹងទិញប័ណ្ណមាសនេះចំនួនប្រាំមួយសន្លឹក ដោយមួយសម្រាប់រូបលោកផ្ទាល់ មួយសម្រាប់ប្រព័ន្ធរបស់លោក និងនៅសេសសល់សម្រាប់សមាជិកគ្រួសារផ្សេងទៀត ដូច្នេះប្រសិនបើមានអ្វីមួយកើតឡើងដូចជាសង្រ្គាម ឬវិបត្តិផ្សេងៗនោះ លោកអាចមករស់នៅសហរដ្ឋអាមេរិក ហើយចាប់ផ្តើមអាជីវកម្មថ្មី។
លោក Lutnick បានរៀបរាប់លម្អិតបន្ថែមទៀតថា ប័ណ្ណមាសនឹងជំនួសប័ណ្ណបៃតងដែលមានស្រាប់ ដោយនឹងផ្តល់សិទ្ធិឲ្យអ្នកដែលមានប័ណ្ណនេះ អាចស្នាក់នៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍។ មិនតែប៉ុណ្ណោះប័ណ្ណមាសនេះ ក៏ផ្តល់ឲ្យនូវសញ្ជាតិអាមេរិកផងដែរ ជាមួយតម្លៃ ៥លានដុល្លារក្នុងមួយសន្លឹក ហើយមិនតម្រូវឲ្យបង្កើតការងារជាក់លាក់អ្វីមួយនោះឡើយ៕