ជប៉ុន ផ្តល់ជំនួយឥតសំណងដល់កម្ពុជាជាង១៧លានដុល្លារ ជួយដំណើរការគម្រោងចំនួន២

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ១៧,៦ លានដុល្លារ ដើម្បីដំណើរការដល់គម្រោងចំនួន២ ដែលផ្តោតលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹក និងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។នេះបើយោងតាមសេចក្តីប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានបន្តថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុន រួមជាមួយនឹង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន២គម្រោង។

តាមរយៈជំនួយឥតសំណងជាង១៧ លានដុល្លារនេះ ឯកអគ្គរាជទូតជប៉ុន និងរដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជា បានរំពឹងថាគម្រោងទាំងនេះ នឹងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងទំនើបកម្មការប្រើប្រាស់ដីធ្លីនៅកម្ពុជា និងជួយឲ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួល។

យោងតាមសេចក្ដីប្រកាស​ព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងចំណោមហិរញ្ញប្បទានសរុប១៧,៦លានដុល្លារអាម៉េរិក ក្នុងនោះទឹកប្រាក់ ១៣,៣លានដុល្លារអាម៉េរិក សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក។ ចំណែកទឹកប្រាក់ ៤,៣២លានដុល្លារអាម៉េរិកទៀត សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ ហ្សាលីន