អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានប្រកាសថា លោកនឹងធ្វើដំណើរជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់របស់អាមេរិកផ្សេងទៀត ទៅកាន់ទឹកដីកោះ Greenland បើទោះបីជាមានការរិះគន់ខ្លាំង ពីសំណាក់រដ្ឋាភិបាលក្នុងតំបន់នេះក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។
នៅក្នុងការប្រកាសមួយលើបណ្តាញសង្គម X កាលពីថ្ងៃទី២៥ ខែមីនា លោក JD Vance បានបង្ហើបឲ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់កោះ Greenland នឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃសៅរ៍ សប្តាហ៍នេះ ដោយក្នុងនោះក៏រួមមានការអមដំណើរដោយភរិយារបស់លោក និងគណៈប្រតិភូអាមេរិកផ្សេងទៀត ដូចជាទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright និងប្រមុខការទូតលោក Marco Rubio ផងដែរ។
មិនតែប៉ុណ្ណោះ ការធ្វើដំណើរលើកនេះ គឺដើម្បីយល់ពីស្ថានភាពសន្តិសុខនៅ Greenland បន្ថែមទៀត ស្របពេលអនុប្រធានាធិបតី លោក JD Vance បាននិយាយថាកោះស្វយ័តដែលជាកម្មសិទ្ធិរបស់ដាណឺម៉ាកនេះ បានក្លាយទៅជា គោលដៅកំពូលនៃប្រទេសអរិភាពជាច្រើន ដែលគំរាមកំហែងដល់ទាំងសហរដ្ឋអាមេរិក និងកាណាដា។
គួរឲ្យដឹងផងដែរថា ការប្រកាសពីដំណើរទស្សនកិច្ចរបស់លោក JD Vance នេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា មន្ត្រីអាមេរិកត្រូវបានអញ្ជើញឲ្យទៅធ្វើទស្សនកិច្ចដោយប្រជាជនជាច្រើននៅ Greenland ហើយថាការធ្វើដំណើរទស្សនកិច្ចរបស់មន្ត្រីធំៗរបស់អាមេរិកកន្លងមក គឺមានបំណងផ្ញើសារជាមិត្ត ទៅកាន់ប្រជាជននៃកោះនេះប៉ុណ្ណោះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី Greenland លោក Mute Bourup Egede បានទទូចថា រដ្ឋាភិបាលរបស់កោះនេះ មិនបានផ្ញើការអញ្ជើញណាមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោនទេ។ លោក Egede បានហៅដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកថាជាការបង្ហាញសាច់ដុំរបស់ខ្លួន ជាការបង្កហេតុ និងផ្តល់ភាពគ្រោះថ្នាក់បំផុត៕