អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama បាននិយាយថា ប្រវត្តិសាស្ត្រនឹងចងចាំមិនអាចបំភ្លេចបាន នូវអំពើហិង្សានៅវិមានកាពីតូលថា ជាពេលវេលានៃការបាត់បង់កិត្តិយស និងភាពអាម៉ាស់ដ៏ធំសម្រាប់ប្រទេសជាតិ។
ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump ដែលពោពេញដោយកំហឹងបានសម្រុកចូល ក្នុងវិមានកាពីតូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ នៅក្នុងការតវ៉ាដ៏ចលាចលមួយដែលមានគោលបំណង រារាំងការផ្ទេរអំណាចដោយសន្តិវិធី។ លោក Obama និយាយថា អំពើហិង្សានេះត្រូវបាន “ញុះញង់ដោយប្រធានាធិបតីកំពុងកាន់តំណែង” ដែលនិយាយកុហកដោយគ្មានមូលដ្ឋាន អំពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី។
លោកប្រធានាធិបតីរូបនោះ បានបញ្ចុះបញ្ចូលក្រុមអ្នកគាំទ្ររបស់ខ្លួនថា ការដែលលោកចាញ់ឆ្នោតលោកប្រធានាធិបតីជាប់ឆ្នោត Joe Biden គឺដោយសារតែគណបក្សប្រជាធិបតេយ្យបោកប្រាស់ ដែលជាការអះអាងមិនពិត។ លោក Obama និយាយថា វាមិនគួរជាការភ្ញាក់ផ្អើលនោះទេ ហើយរយៈពេល ២ខែមកនេះគណបក្សនយោបាយ រួមទាំងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយដែលជាញឹកញាប់មិនមានឆន្ទៈ ក្នុងការប្រាប់ការពិតដល់ពួកគេទេ៕
ប្រភព៖ btv