អ្នកឧកញ៉ា ហ៊ុន ឡាក់ រៀបចំកម្មវិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីការអប់រំ” នៅសាលាបឋមសិក្សា សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ តាំងគោក ខេត្តកំពង់ធំ

សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយឧកញ៉ា លី រិទ្ធ និងឧកញ៉ា លន់ ពៅ ដែលជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងកម្មវិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជាជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សា សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ តាំងគោក ដែលស្ថិតនៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស ចាន់ធី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងវត្តមានរបស់លោក លោកស្រី ជាអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រី នៃស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាអង្គពិធីទាំងមូល អមដោយសារជូនពរ និងលើកទឹកចិត្តឱ្យក្មួយៗខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាកូនល្អនៅក្នុងគ្រួសារ សិស្សល្អនៅក្នុងសាលា និងជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។ 

អ្នកឧកញ៉ាអគ្គលេខាធិការ បានបន្ថែមថា អំណោយដែលបានផ្តល់ជូននៅថ្ងៃនេះគឺបានកើតចេញពីការចូលរួមប្រកបដោយសាមគ្គីភាពរបស់សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ស្របទៅតាមទស្សនវិស័យក្នុងការបំពេញសកម្មភាពមនុស្សធម៌ ព្រមគ្នានឹងសកម្មភាពធុរកិច្ច ដែលត្រូវបានកំណត់ជាបេសកកម្មអាទិភាពរបស់សមាគមឧកញ៉ាកម្ពុជា។

 ទន្ទឹមនឹងនេះ ឯកឧត្តម ស ចាន់ធី បានមានប្រសាសន៍ថា ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្តមពិតជាមានក្តីរីករាយក្រៃលែង  និងសូមថ្លែងអំណរគុណចំពោះសមាគមឧកញ៉ាកម្ពុជា ដែលបានកៀរគរនូវថវិកា សម្ភារៈសិក្សា សម្ភារៈការិយាល័យ សម្លៀកបំពាក់ និងមធ្យោបាយធ្វើដំណើរជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាក ដែលអំណោយទាំងនេះពិតជាមានសារៈសំខាន់ និងអាចជួយសម្រួលដល់ជីវភាពបានមួយផ្នែកផងដែរ។

សូមបញ្ជាក់ថា សាលាបឋមសិក្សា សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ តាំងគោក គឺជាសាលាមួយក្នុងសាលាទាំង ១០នៅក្នុងខេត្តកំពង់ធំដែលទទួលបានអំណោយពីសមាគមឧកញ៉ាកម្ពុជា ដោយសាលានេះទទួលបាននូវ៖

១. ក្តារខៀន១៦ តុកៅអី៦៥ កុំព្យូទ័រ១ ម៉ាស៊ីនព្រីនឯកសារ១ និងម៉ាស៊ីនបញ្ចាំងឯកសារ១

២. គ្រូបង្រៀនសរុបចំនួន ១៨នាក់ ដែលម្នាក់ៗទទួលបាន កញ្ចប់សម្លៀកបំពាក់ចម្រុះ ១កញ្ចប់ មាន (កាតាប១, អាវយឺតហេរ៉ូ១ និងអាវស្ត្រី១)  និងថវិកា ៦ម៉ឺនរៀល

៣. សិស្សានុសិស្សសរុបចំនួន ៦៤៤នាក់ ដែលម្នាក់ៗទទួលបាន សម្ភារៈសិក្សា ១ឈុត មាន (កាតាប១, សៀវភៅ១០ក្បាល, ប៊ិចខៀវ៥ដើម, ប៊ិចក្រហម៥ដើម, ខ្មៅដៃ១០ដើម, ទឹកលុប២ដើម, ជ័រលុប២ដុំ, ប្រដាប់ខួង២ដុំ, បន្ទាត់១ដើម, និងកាបូបប៊ិច១), ឯកសណ្ឋានសិស្ស ១ឈុត មាន (ខោ ឬសំពត់១, អាវស១), សម្លៀកបំពាក់នៅផ្ទះ ១ឈុត មាន (អាវយឺតនិងខោ ឬរ៉ូបចម្រុះពណ៌២, អាវហេរ៉ូ១) និងថវិកា ៤ម៉ឺនរៀល

៤. សិស្សានុសិស្សចំនួន ៥៤នាក់ដែលខ្វះមធ្យោបាយធ្វើដំណើរ ទទួលបានកង់ម្នាក់១គ្រឿង សរុប៥៤គ្រឿង។