ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានធ្វើការបញ្ជាក់សារជាថ្មីអំពីតម្រូវការរបស់សហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងទៅលើកោះ Greenland មុនពេលមានដំណើរទេស្សនកិច្ចរបស់អនុប្រធានាធិបតី លោក JD Vance ទៅកាន់ដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាកមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ថ្លែងប្រាប់នៅក្នុងកម្មវិធីផតឃែស្ថ Vince Coglianese កាលពីថ្ងៃទី២៦ ខែមិនា ប្រធានាធិបតី លោក ត្រាំ បានលើកឡើងថា៖”យើងត្រូវការកោះ Greenland សម្រាប់ផ្នែកសន្តិសុខ និងសុវត្ថភាពអន្តរជាតិ។ យើងត្រូវការកោះនេះជាចាំបាច់ ហើយយើងត្រូវតែមានវាមកគ្រប់គ្រង”។
ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ បែបនេះ ត្រូវបានបានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា លោកនឹងធ្វើដំណើរជាមួយជំទាវទីពីរ លោកស្រី Usha Vance ទៅកាន់មូលដ្ឋានទ័ពអាកាស Pituffik របស់អាមេរិក នៅ Greenland ដែលជាកោះធំបំផុតរបស់ពិភពលោក និងជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក ដែលមានទីតាំងនៅជិតអាមេរិកខាងជើង ចន្លោះមហាសមុទ្រអាត្លង់ទិក និងអាកទិក។
ដោយឡែក នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen និងនាយករដ្ឋមន្ត្រី Greenland លោក Mute Egede បានរិះគន់យ៉ាងខ្លាំងចំពោះផែនការរបស់លោកស្រី Usha ក្នុងការទៅទស្សនាដែនកោះនេះ។ លោក Egede បានហៅដំណើរទស្សនកិច្ចនេះថា ជាការប៉ុនប៉ងជ្រៀតជ្រែកពីបរទេស ដោយកត់សម្គាល់ថា រដ្ឋាភិបាលរបស់ខ្លួន មិនបានផ្ញើការអញ្ជើញណាមួយ មិនថាជាតាមរយ:ឯកជន ឬផ្លូវការ ទៅកាន់គណៈប្រតិភូអាមេរិកឡើយ៕
ជម្រាបជូនថា Greenland ជាកោះដ៏ធំបំផុតដែលមានប្រជាជនរស់នៅ ៥៧ ០០០នាក់ និងមានផ្ទៃដីប្រហែល ២,១៦លានគីឡូម៉ែត្រការ៉េ ស្ថិតនៅលើផ្លូវខ្លីបំផុតពីអាមេរិកខាងជើងទៅកាន់អឺរ៉ុប ដែលធ្វើឲ្យទីនោះក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ Greenland ក៏មានធនធានរ៉ែដ៏សម្បូរបែបផងដែរ ដែលភាគច្រើនមិនត្រូវបានប្រើប្រាស់។ ហើយចាប់តាំងពីការបោះឆ្នោងកាលពីចុងឆ្នាំមុនមក ប្រធានាធិបតីលោក ត្រាំំ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថាលោក ចង់ឲ្យសហរដ្ឋអាមេរិកទិញយកកោះ Greenland ពីប្រទេសដាណឺម៉ាក។ ប៉ុនទោះយ៉ាងណាក៏ដោយ ទាំងរដ្ឋាភិបាល Greenland និងដាណឺម៉ាក បានទទូចថាកោះនេះគឺមិនមែនសម្រាប់លក់ទេ៕