កាណាដា គំរាមសងសឹកទៅលើផែនការពន្ធគយរថយន្តរបស់លោក ត្រាំ វិញ

អន្តរជាតិ

កាលពីថ្ងៃទី២៦ ខែមីនា នាយករដ្ឋមន្ត្រីកាណាដា​ លោក Mark Carney បាននិយាយថា ប្រទេសរបស់លោកនឹងដាក់ចេញវិធានការឆ្លើយតបវិញភ្លាមៗ ចំពោះពន្ធគយ ២៥% ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់លើរថយន្តនាំចូលទាំងអស់ទៅកាន់ទឹកដីសហរដ្ឋអាមេរិកនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Carney បានហៅវិធានការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកនេះថាជា ការវាយប្រហារដោយផ្ទាល់ ហើយបានកោះប្រជុំគណៈរដ្ឋមន្ត្រីកម្រិតខ្ពស់ នៅថ្ងៃទី២៧ ខែមីនានេះ ដើម្បីសម្រេចចិត្តពីរបៀបក្នុងការឆ្លើយតបទៅវិញ។ លោកបានបន្ថែមទៀតថា “យើងនឹងការពារកម្មកររបស់យើង អាជីវកម្មរបស់យើង និងប្រទេសរបស់យើង” ។

មិនតែប៉ុណ្ណោះ ដោយឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីពេលដែលរបៀបដែលកាណាដា នឹងឆ្លើយតបចំពោះវិធានការពន្ធគយរបស់លោក ត្រាំ នេះ នាយករដ្ឋមន្ត្រីកាណាដា បាននិយាយថា វានឹងត្រូវឡើងក្នុងពេលឆាប់ៗ ខាងមុខនេះ។ យើងមានជម្រើសជាច្រើន។ កាណាដាអាចដាក់ពន្ធនាំចូល ដើម្បីជាការសងសឹកវិញ។

គួរឲ្យដឹងថា ពន្ធថ្មីរបស់លោក ត្រាំ នេះ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មរថយន្ត នៅអាមេរិកខាងជើង។ នៅឆ្នាំ២០២៤ សហរដ្ឋអាមេរិក បាននាំចូលផលិតផលដែលទាក់ទងនឹងរថយន្តមានតម្លៃដល់ទៅ ៤៧៤ពាន់លានដុល្លារ រួមទាំងរថយន្តដឹកអ្នកដំណើរដែលមានតម្លៃ ២២០ពាន់លានដុល្លារ។ ក្នុងនោះ ម៉ិកស៊ិក ជប៉ុន កូរ៉េខាងត្បូង កាណាដា និងអាឡឺម៉ង់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ប្រទេសនេះ។

ជម្រាបជូនផងដេរថា កាលពីដើមខែនេះ ប្រទេសកាណាដា បានប្រកាសចេញផែនការដាក់ពន្ធគយនាំចូលលើទំនិញអាមេរិក ដែលមានតម្លៃសរុបដល់ ១៥៥ពាន់លានដុល្លារ ប៉ុន្តែត្រូវបានបែងចែកចេញជាដំណាក់កាល ដោយអាស្រ័យលើសកម្មភាពរបស់លោក ត្រាំ ។ រហូតមកដល់ពេលនេះ កាណាដា បានដាក់ពន្ធសងសឹកពីរដងរួចមកហើយប្រឆាំងនឹងប្រទេសជិតខាងរបស់ពួកគេ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសដាក់ពន្ធលើទំនិញទាំងអស់របស់កាណាដា និងពន្ធផ្សេងទៀតលើផលិតផលអាលុយមីញ៉ូម និងដែកថែប៕