មេធំ Apple លើកសរសើរចំៗទៅលើសមត្ថភាពច្នៃប្រឌិតរបស់ចិន ថាល្អគ្មានពីរ

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple លោក Tim Cook បាននិយាយទៅក្នុងបទសម្ភាសជាមួយ China Daily ក្នុងទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះថា ភាពច្នៃប្រឌិតរបស់ក្រុមអ្នកបង្កើតកម្មវិធីរបស់ចិន គឺល្អគ្មានពី ហើយកម្មវិធីកម្មវិធីទូរស័ព្ទរបស់ចិនជាច្រើនទៀត នឹងទទួលបានជោគជ័យជាសកល ជាមួយនឹងការជះឥទ្ធិពលលើឆាកអន្តរជាតិកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងពេលសម្ភាសន៍ លោក Cook បាននិយាយទៀតថា ៖”ខ្ញុំអាចទស្សន៍ទាយបានថា កម្មវិធីរបស់ចិនកាន់តែច្រើន នឹងពេញនិយមនៅក្រៅប្រទេស ពីព្រោះភាពច្នៃប្រឌិតរបស់អ្នកអភិវឌ្ឍន៍របស់ចិន មិនចាញ់អ្នកផ្សេងទេ។ ខ្ញុំគ្រាន់តែអាចឃើញពីភាពជោគជ័យកាន់តែច្រើន នឹងកើតចេញពីប្រទេសចិន”។

នាយកប្រតិបត្តិក្រុមហ៊ុនផលិតទូរស័ព្ទ iPhone រូបនេះ បានសង្កត់ធ្ងន់ទៀតថា ឥទ្ធិពលសកលនៃកម្មវិធីរបស់ចិន កំពុងមានការកើនឡើងខ្លាំង ហើយក្រុមអ្នកបង្កើតកម្មវិធីនៅក្នុងប្រទេសចិន មានចំណង់ចំណូលចិត្តដ៏អស្ចារ្យដែលវាជារឿងមិនគួរឲ្យជឿ។

មិនតែប៉ុណ្ណោះ បើយោងតាមក្រុមអ្នកជំនាញ បាននិយាយថា ការសរសើររបស់លោក Cook បែបនេះ ហាក់បានគូសបញ្ជាក់ថា ប្រទេសចិនមិនត្រឹមតែជាទីផ្សារដ៏ធំ និងជារោងចក្រផលិតគ្រឿងអេឡិចត្រូនិកកំពូលរបស់ Apple ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃការច្នៃប្រឌិតដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូសូហ្វវែររបស់ក្រុមហ៊ុន ផងដែរ។

ពួកគេបានបន្ថែមទៀតថា ជាមួយនឹងការកើនឡើងនៃចំនួនយុវជនដែលមានការអប់រំល្អ និងប្រកបដោយការច្នៃប្រឌិត ប្រទេសចិន នឹងមានភាពទាក់ទាញកាន់តែខ្លាំងចំពោះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ពិភពលោក នាពេលអនាគត។

ជម្រាបជូនផងដែរថា ជុំវិញអធិប្បាយរបស់លោក Tim Cook បែបនេះ​ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលលោក ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃចន្ទ នៅពេលដែលក្រុមហ៊ុន Apple បានប្រកាសពីមូលនិធិវិនិយោគថ្មីមួយ ជាមួយនឹងការសន្យាផ្តល់ទឹកប្រាក់ចំនួនជាង ៩៩លានដុល្លារអាមេរិក ដើម្បីពង្រីកផលិតកម្មថាមពលស្អាត នៅក្នុងប្រទេសចិន ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោករបស់ខ្លួន ឲ្យទៅជាថាមពលកកើតឡើងវិញ ១០០% នៅត្រឹមឆ្នាំ២០៣០៕