កូនប្រុស ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានសាកលវិទ្យាល័យដ៏ល្បីរបស់អាមេរិក USC University of Southern California ជ្រើសរើសឱ្យចូលរៀន នៅឆ្នាំ២០២៦ បន្ទាប់ពីប្រជែងជាមួយកូនៗអ្នកមានជុំវិញពិភពលោក ប្រមាណជាង ៨ម៉ឺននាក់។

ឯកឧត្តម ជុំ កុសល បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីម្សិលមិញថា ថ្ងៃនេះលោកបានទទួលដំណឹងរីករាយបំផុតពីកូន អារម្មណ៍រំភើបហូរទឹកភ្នែក ។ កូនបានសរសេរប្រាប់ពីការសម្រេចបំណងរបស់គេ ដោយ USC University of Southern California ដែលជាUniversity ដ៏ល្បីនៅសហរដ្ឋអាមេរិកអនុញ្ញាតឲ្យចូលរៀនសម្រាប់ឆមាសនិទាឃរដូវឆ្នាំ២០២៦ ដោយសារតែគេបានស្ថិតក្នុងចំណោមក្រុមនិស្សិត ដែលជ្រើសរើសយ៉ាងខ្លាំងផ្អែកលើសមិទ្ធផលដ៏ឆ្នើមទាំងក្នុង និងក្រៅថ្នាក់រៀន។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តបែបនេះថា៖ “គាត់ទទួលបានហួសពីការរំពឹងទុក។ ការជ្រើសរើសនេះគឺក្នុងចំណោមក្រុមសិស្សចំនួន ៨៣,០០០នាក់ មកពីជុំវិញពិភពលោកដោយគេយកតែចំនួន ៣%ប៉ុណ្ណោះ។ អ្វីដែលជាការរំជួលចិត្តបំផុតនោះកូនបានប្រាប់ថា ៖ « និស្សិតមកពីជុំវិញពិភពលោកបានចូលសាលានេះ សុទ្ធតែជាកូនអ្នកមាន តែសម្រាប់កូនវិញគឺក្រ ជិះតែកង់ទៅរៀនកាត់ភ្លៀង កាត់ព្រិល រាល់ថ្ងៃ តែកូនធ្វើបាន»។ ប៉ាមានតែទឹកភ្នែកដោយក្តីរំភើបតែប៉ុណ្ណោះពេលទទួលបានដំណឹងនេះ ហើយក៏សូមផ្តល់កម្លាំងចិត្តដល់កូនឲ្យខិតខំថែមទៀតណាកូន ដើម្បីអនាគតរបស់កូន”។


