Elon Musk អះអាងថាអង្គភាព DOGE អាចជួយសន្សំសំចៃថវិការដ្ឋដល់ទៅ ១ទ្រីលានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បាននិយាយថា គោលដៅរបស់ទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) ក្នុងការជួយកាត់បន្ថយថវិកាសហព័ន្ធចំនួន ១ទ្រីលានដុល្លារ គឺអាចសម្រេចបានដោយនឹងមិនប៉ះពាល់ដល់សេវាកម្មសំខាន់ៗនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសមួយកាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅ លោក Musk បាននិយាយថា គោលដៅរបស់ក្រុមប្រឹក្សា DOGE គឺដើម្បីកាត់បន្ថយឱនភាពឲ្យបានចំនួន ១ទ្រីលានដុល្លារ ពោលគឺកាត់បន្ថយការចំណាយថវិការបស់សហព័ន្ធពីចំនួន ៧ទ្រីលានដុល្លារពីមុន មកនៅត្រឹម ៦ទ្រីលានដុល្លារ ក្នុងពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ លោក Musk បាននិយាយទៀតថា ៖” ការកាត់បន្ថយថវិកា ១៥% ដោយការលុបបំបាត់កាកសំណល់ និងការក្លែងបន្លំ គឺពិតជាអាចធ្វើទៅបាន។ រដ្ឋាភិបាលគ្មានប្រសិទ្ធភាព ហើយមានការខ្ជះខ្ជាយ និងការក្លែងបន្លំច្រើន។ ដូច្នេះយើងជឿជាក់ថា យើងអាចកាត់បន្ថយថវិកាបាន ១៥% ដោយមិនប៉ះពាល់ដល់សេវាសំខាន់ៗរបស់រដ្ឋាភិបាលនោះឡើយ”។

គួរឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមីនា ទីភ្នាក់ងារ DOGE អះអាងថាបានជួយសន្សំសំចៃដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំនួន ១៣០ពាន់លានដុល្លាររួចមកហើយ។ ហើយជាមួយគ្នានោះ ដើម្បីដោះស្រាយការរិះគន់ចំពោះវិធានការដ៏ធ្ងន់ធ្ងរនេះ មហាសេដ្ឋីរូបនេះ បានអះអាងថា DOGE តែងតែ “ប្រុងប្រយ័ត្ន” ជានិច្ច អំពីអ្វីដែលខ្លួនបានកាត់បន្ថយ។

ជម្រាបជូនថា បន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយបង្កើតទីភ្នាក់ងារ DOGE ដើម្បីអនុវត្តផែនការដើម្បីសម្រួល និងកែទម្រង់រដ្ឋាភិបាលសហព័ន្ធ។ លោក ត្រាំ បាននិយាយថា លោកបានតែងតាំងមហាសេដ្ឋី Musk ឲ្យទទួលបន្ទុកដឹកនាំនៅក្នុងទីភ្នាក់ងារនេះ។

លោក Musk បានជួយសម្រួលដល់ការកាត់បន្ថយការចំណាយរបស់ទីភ្នាក់ងារសហព័ន្ធ ចាប់តាំងពីចុងខែមករាមក ដោយជំរុញឲ្យមានការបញ្ឈប់ការងារ និងកាត់បន្ថយថវិការបស់ទីភ្នាក់ងារយ៉ាងច្រើន រួមទាំងការបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងការិយាល័យការពារហិរញ្ញវត្ថុអ្នកប្រើប្រាស់ ថែមទៀតផង៕