អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កំពុងស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ ដែលខណៈនេះនៅរសៀលថ្ងៃសុក្រនេះ កំពុងមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ រហូតដល់៧.៧រ៉ិចទ័រ។

អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងលើទំព័រហ្វេសប៊ុក នៅរសៀលនេះដូច្នេះថា៖ “ទីក្រុង បាងកក ម៉ោង១៣:២៥ ថ្ងៃទី ២៨.០៣.២៥ រញ្ជួយផែនដី… ខ្ញុំទើបតែជួបលើកទី១ ភ័យចង់លោះព្រលឹង”។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និង វៀតណាមផងដែរ។ នេះបើតាមការចេញផ្សាយដោយ Bangkok Post។
បើតាម AFP តំបន់ភាគខាងជើងនិងភាគកណ្តាលប្រទេសថៃ បានទទួលរងឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយដីនេះ ព្រមទាំងមានការបាក់អគារមួយចំនួនផងដែរ។ ទោះយ៉ាងណា មិនទាន់មានសេក្តីរាយការណ៍អំពីទំហំនៃការខូចខាត និងមនុស្សរងគ្រោះថ្នាក់ ដែលបង្កឡើងពីរញ្ជួយដីខាងលើនៅឡើយទេ៕


