កុំ​មើល​ងាយ​មនុស្ស! ពី​​មុន​ជា​អ្នក​រាំ​អមគេ​ តែ​ឥឡូវ​ជា CEO ក្រុមហ៊ុន​តម្លៃ​ជាង​១០ម៉ឺន​ដុល្លារ

កម្សាន្ត

គំរូ​ពី​ការ​តស៊ូ​ដើម្បី​អនាគត​ត្រចះត្រចង់​មួយ​ទៀត​លេច​ឡើង​នៅ​ថ្ងៃ​នេះ ជាមួយ​អ្នក​រាំ​កំដរ​ឆាក​មួយ​រូប ដែល​បាន​តស៊ូ​រស់​ជាមួយ​អាជីព​ដែល​គេ​មិន​សូវ​ឲ្យ​តម្លៃ​ជាង ១០​ឆ្នាំ ទី​បំផុត​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ ដោយ​អាច​កែប្រែ​ជីវិត​មក​ជា​ថ្នាក់​ដឹកនាំ​ក្រុម​ហ៊ុន​ផ្នែក​សម្រស់​ដ៏​ធំ​មួយ ដែល​មាន​តម្លៃ​វិនិយោគ​ប្រមាណ​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

CEO ក្រុមហ៊ុន​រូប​នេះ គឺ​អ្នក​នាង ឆិល ពេជ្រ​ពណ្ណរាយ ជា​អតីត​អ្នក​រាំ​លម្អ​ឆាក​តាម​កម្មវិធី​តន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍​នានា។ សម្រាប់​ប្រិយមិត្ត​និយម​ទស្សនាការ​ប្រគំ​តន្ត្រី​ធំ​ៗ​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ជឿ​ថា ពិត​ជា​ធ្លាប់​ឃើញ​ក្រុម​រាំ​មួយ​ក្រុម ដែល​អ្នកនាង ឆិល ពេជ្រ​ពណ្ណរាយ ស្ថិត​ក្នុង​ក្រុម​នោះ និង​ជា​សមាជិក​ដែល​មាន​ក្បាច់​រាំ​ល្អ​ជាង​គេ។

អ្នក​រាំ​កំដរ​ឆាក​រូប​នេះ មាន​រឿង​តស៊ូ​ពី​ក្រោយ​ឆាក​តន្ត្រី​ជា​ច្រើន ទម្រាំ​អាច​រក​ឃើញ​ផ្លែ​ផ្កា​ជីវិត​គួរ​ឲ្យ​មោទកភាព​នៅ​ថ្ងៃ​នេះ។ អ្នកនាង ឆិល ពេជ្រ​ពណ្ណរាយ ហៅ ស្រី​ពេជ្រ បាន​ចាប់​យក​មុខ​របរ​ក្នុង​សិល្បៈ​ផ្នែក​ជា​អ្នក​រាំ​កំដរ​ឆាក​តាំង​ពី​វ័យ​ជំទង់​ដោយ​ដំបូង​ឡើយ​នៅ​ស្ថានីយ​ប៉ុស្តី៍​លេខ​៥ រួច​ក៏​បន្ត​វាយ​លុក​ទៅ​តាម​ទូរទស្សន៍​ផ្សេង​ៗ​ទៀត។ ការងារ​នេះ មិន​សូវ​មាន​គេ​ឲ្យ​តម្លៃ និង​មិន​សូវ​គេ​ចាប់​អារម្មណ៍​ឡើយ បើ​ទោះ​ការ​ពិត​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​កម្មវិធី​មួយ​រស់​រវើក​ទៅ​បាន​ក៏​ដោយ។

យ៉ាង​នេះ​ក្ដី ស្ត្រី​អ្នក​រាំ​រូប​នេះ មិន​បាន​ខ្វាយ​ខ្វល់​ច្រើន​នឹង​ការ​មិន​ឲ្យ​តម្លៃ​នេះ​ទេ ប៉ុន្តែ​គិត​តែ​ពី​ខិត​ខំ​បង្កើន​សមត្ថភាព​រាំ​ក្នុង​ក្រុម និង​ពង្រីក​ទី​ផ្សារ​ការងារ​បន្ត​បន្ទាប់ រហូត​ដល់​រក​ឃើញ​ផ្លែ​ផ្កា​ថ្មី​មួយ។ តាម​សាមី​ខ្លួន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​នៅ​ជាប់​នឹង​ការងារ​រាំ​រាប់​ខែ​រាប់​ឆ្នាំ អ្នក​នាង ពេជ្រ​ពណ្ណរាយ ក៏​បាន​មើល​ឃើញ​ឱកាស​មួយ ហើយ​ក៏​បាន​បង្កើត​ក្រុម​រាំ​ផ្ទាល់​ខ្លួន ដែល​មក​ទល់​បច្ចុប្បន្ន​មាន​សមាជិក​ក្រុម​រាំ​២០​នាក់។

មក​ដល់​បច្ចុប្បន្ន ក្រុម​រាំ​នេះ បាន និង​កំពុង​រាំ​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​អាស៊ី​អាគ្នេយ៍​។ នៅ​ពេល​រាត្រី​ក្រុម​នេះ ក៏​បន្ត​ទៅ​ធ្វើ​ការ​សម្ដែង​ប្រចាំ​សណ្ឋាគារ​ណាហ្គា​ទៀត។ ការងារ​នេះ នាង​បាន​រស់​ត្រាំត្រែង​ជាង​១០​ឆ្នាំ​ទៅ​ហើយ ហើយ​ក៏​បាន​ជួយ​ឲ្យ​ជីវិត​របស់​នាង ក៏​ដូច​ជា​គ្រួសារ កាន់​តែ​ប្រសើរ​ឡើង​ៗ​រហូត​មក​ដែរ។

ក្រោយ​មក បង្អួច​ជីវិត​កាន់​តែ​បើក​ធំ​ឡើង ក្រោយ​ពី​អ្នក​នាង​បាន​រក​អ្នក​ឲ្យ​តម្លៃ​លើ​ការងារ​នាង ស្រឡាញ់​នាង ស្រឡាញ់​ក្រុម​គ្រួសារ​នាង និង​បាន​រៀបការ​ជាមួយ​បុរស​មក​ពី​ត្រកូល​អ្នក​ធ្វើ​ជំនួញ​មួយ​រូប​នៅ​ឆ្នាំ ២០១៦។ បាន​បទ​ពិសោធន៍​ជីវិត​ពី​ការងារ​ជា​អ្នក​លម្អ​ឆាក​ផង ផ្សំ​នឹង​លទ្ធភាព​មាន​កាន់​តែ​ធំ​ផង ធ្វើ​ឲ្យ​អ្នក​នាង មើល​ឃើញ​ឱកាស និង​លទ្ធភាព​ដើម្បី​ការ​ផ្លាស់​ប្ដូរ​បន្ថែម​ទៀត។

ចុង​ក្រោយ គឺ​បាន​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក បើក​ក្រុមហ៊ុន “ល្អ​ពិត​ពេជ្រ​ចរណៃ” ខូអិលធី​ដែល​នាំ​ចូល​ផលិតផលP Nice Brandពី​ប្រទេស​ថៃ និង​ទើប​តែ​ធ្វើ​ពិធី​សម្ពោធ​​ជា​ផ្លូវ​ការ​កាល​ពី​ថ្មី​ៗ​នេះ ហើយ​អ្នក​នាង ឆិល ពេជ្រ​ពណ្ណរាយ ក៏​បាន​ក្លាយ​ជា CEOប្រចាំ​ក្រុមហ៊ុន។

ពេជ្រ​ពណ្ណរាយ អះអាង​ថា អ្នក​នាង​លំបាក​យូរ​មក​ហើយ​តាំង​ពី​បាត់បង់​លោក​ឪពុក​មក នាង​ដែល​ជា​កូន​ច្បង​ បាន​ដើរ​តួ​ជា​មេ​គ្រួសារ​រ៉ាប់រង​គ្រប់​ភារកិច្ច​ ដើម្បី​ក្រុម​គ្រួសារ​អាច​រស់​បាន ដោយ​ក្នុង​នោះ ធ្លាប់​ឆ្លង​កាត់​ជា​ជីវិត​រស់​ផ្ទះ​ជួល និង​​ធ្លាប់​ដេក​វត្ត​ផង គឺ​គ្រប់​រូប​ភាព​ទាំង​អស់។ ” នាង​ខ្ញុំ​មាន​មោទកភាព​ចំពោះ​ខ្លួន​ឯង​ណាស់ ដែល​បាន​ដើរ​មក​ដល់​ចំណុច​នេះ ពិសេស​​បំណង​ចង់​បើក​ជា​ក្រុមហ៊ុន​សម្រស់ គឺ​បាន​សម្រេច​ថែម​ទៀត”។ ពេជ្រ​ពណ្ណរាយ ថ្លែង។

ក្រោយ​ពី​បាន​រៀបការ​ជាមួយ​កូន​ប្រុស​ក្នុង​ត្រកូល​អ្នក​ជំនួញ​មួយ មក​ដល់​សព្វ​ថ្ងៃ​ទទួល​បាន​ចំណង​ដៃ​កូន​ស្រី​ម្នាក់ ទុក​ជា​ផ្លែ​ផ្កា​ដ៏​សំខាន់​មួយ​របស់​ជីវិត​នា​ដំណាក់​ទី​២​នេះ៕

ប្រភព៖ Sabay.com.kh